2025-03-05 15:20
52

(កំពត) ៖     នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥នេះលោក អ៊ឹម ច័ន្ច សោធន អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា នាយកនិងគ្រូបង្រៀនបឋមសិក្សាខេត្តកំពតបានបញ្ជាក់ថា បន្ទាប់ពីបានអនុវត្តគម្រោង គ.វ. អ របស់រាជរដ្ឋាភិបាល ដែលបន្ថែមម៉ោងសិក្សា២ម៉ោង នៅថ្នាក់បឋមសិក្សា បានធ្វើឲ្យសិស្សមានការផ្លាស់ប្តូរឥរិយាបថ មានសីលធម៌ យកចិត្តទុកដាក់រៀនសូត្រ និងទទួលបានលទ្ធផលល្អជាងមុន។ 

ខណៈដែលសិស្ស និងអាណាព្យាបាលថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើការសិក្សារបស់សិស្ស។

នាយកសាលាបឋមសិក្សារោងចក្រស៊ីម៉ង់ត៍ចក្រីទីង លោក អ៊ិត សាន បានឲ្យដឹងថា សាលារៀនលោកបានបង្កើនឡើងនៅឆ្នាំ១៩៨០ ជាសាលារៀននៅដាច់ស្រយាល ប៉ុន្តែក្រោយពេលប្រទេសមានសុខសន្តិភាព ពិសេសរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ក្រសួង អង្គការដៃគូ ពិសេសអភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន សាលាលោកបានជាប់ជាសាលារៀនគំរូរបស់ស្រុក និងទទួលបានគម្រោង គ.វ. អ (គណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលបាលនីតិកាលទី៧នៃរដ្ឋសភា) ដោយមានការបង្រៀនបន្ថែមម៉ោងពេលរសៀល។

លោកនាយកបានបញ្ជាក់ថា ការបង្រៀនបន្ថែមម៉ោង២ម៉ោង គឺផ្តោតទៅលើការរំលឹកមេរៀន និងធ្វើលំហាត់ លើមុខវិជ្ជាគណិត និងអក្សរសាស្ត្រខ្មែរ ដើម្បីឲ្យសិស្សមានការចង់ចាំល្អ និងរៀនពូកែជាងមុន។ 

គ្រូបង្រៀនថ្នាក់ទី៥  លោក ម៉េង ឆាយ៉ារិទ្ធ បានបញ្ជាក់ថា បន្ទាប់ពីអនុវត្ត គម្រោង របស់ គ.វ.អ សិស្សរបស់លោក មានការផ្លាស់ប្តូរឥរិយាបថជាវិជ្ជាមាន មានសីលធម៌ និងយកចិត្តទុកដាក់រៀនសូត្រជាងមុន ពោលគឺសប្បាយនឹងការសិក្សា។ 

សិស្ស និងអាណាព្យាបាល ក៏បានបង្ហាញការពេញចិត្តចំពោះការផ្តល់ម៉ោងសិក្សាបន្ថែម២ម៉ោងក្នុងមួយថ្ងៃព្រោះវាធ្វើឲ្យសិស្ស និងកូនៗរបស់គាត់រៀនពូកែជាងមុន និងមានអនាគតល្អទៅថ្ងៃក្រោយ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក សូ ភារិទ្ធ បានបញ្ជាក់ថា ខេត្តកំពតមានសាលាបឋមសិក្សា ចំនួន៣ ដែលបានទទួលគម្រោង គ.វ.អ ក្នុងនោះ នៅស្រុកទឺកឈូ២សាលា   និងស្រុកកំពង់ត្រាច ១សាលា ហើយបច្ចុប្បន្នមន្ទីរកំពុងត្រៀមពង្រីកបន្ថែមទៀត ទៅស្រុកជុំគីរី និងស្រុកកំពង់ត្រាច ព្រោះការបង្កើនម៉ោងសិក្សាដល់សាលាបឋមសិក្សានៅជនបទដាច់ស្រយាល ជួយឲ្យសិស្សឆ្លាត ពូកែ និងមានសីលធម៌រស់នៅល្អ ពិសេសជួយជំរុញដល់ធនធានមនុស្សទៅថ្ងៃអនាគត។(សឹង រ៉ាត់)