ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសាទរនិងវាយតម្លៃខ្ពស់លើក្រុមហ៊ុន JTI ចំពោះជោគជ័យសម្រេចបានកន្លងមក ជាភាពជាគម្រូល្អនៃអនុលោមភាពសារពើពន្ធ និងជាសមាជិកក្រុមធុរជនល្អបំផុតព្រមទាំងការចូលរួមរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាពនិងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការផ្តល់ប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យនៅបណ្តោយផ្លូវជាតិនានា។
នៅក្នុងឱកាសអនុញ្ញាតឱ្យលោក អេឌី ពីរ៉ាត Eddy Pirardអគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោកនិង សហការីចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោក៏បានរំឭកអំពីអតីតកាលដែលគ្រួសារសម្តេចក៏ជាគ្រួសារកសិកររស់នៅតាមដងទន្លេមេគង្គដែលដាំថ្នាំជក់ និងចែករំលែកអំពីការវិវត្តនៃការសម្រេចជាគោលនយោបាយលើថ្នាំជក់របស់ សម្តេច ពីពេលដែលចរន្តពិភពលោកមិនទាន់មានការហាមឃាត់ការជក់បារីរហូតមកទល់នឹងពេលបច្ចុប្បន្ន។
ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសម្តេចតេជោ បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពនិងទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពិពិធកម្មផលិតកម្មលើវិស័យផ្សេងទៀតតួយ៉ាងដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារ។ ជាក់ស្តែង កម្ពុជាបាននឹងកំពុងក្លាយជា ប្រទេសនាំមុខគេដែលដាំ និងប្រមូលផលស្រូវនិងគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលកន្លងទៅនេះ។
សម្តេចតេជោ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការល្អ និងឱ្យបានជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជំរុញកិច្ចសហការសិក្សាស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធល្អៗ ជាពិសេស បទពិសោធជប៉ុនលើការជ្រើសរើសពូជ ការប្រើប្រាស់ដី និងបច្ចេកទេសកេ្សតសាស្រ្តដាំដុះ ជាពិសេសដីដែលគ្មានឬមានល្បាប់តិចតួច សំដៅជួយកសិករបង្កើនគុណភាពនិងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា។
សម្តេច បានបន្ថែមថា ក្រុមហ៊ុន គួរសហការជាមួយសហគមន៍ដាំដុះសន្លឹកថ្នាំជក់ ដែលជាសមាជិក ម៉ាកសមូហភាពរបស់ក្រសួងពាណិជ្ជកម្ម សិក្សាបង្កើនការផលិតនិងពង្រីកទីផ្សារនាំចេញ ដើម្បីធានា បាននិរន្តរភាពនៃការដាំដុះក្នុងទំរង់ភាពជាដៃគូឈ្នះ-ឈ្នះ ផងដែរ៕