2025-02-20 14:53
49

រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ដើម្បីបង្ហាញអំពីការត្រៀមខ្លួនរួចជាស្រេច សម្រាប់អាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែមានសុវត្ថិភាព ស្ថិរភាព ភាពជឿជាក់ និង មានប្រសិទ្ធភាពបំផុត។ 

នេះបើតាមសារព័ត៌មានរបស់អង់គ្លេស Daily Mail បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ការធ្វើសមយុទ្ធមីស៊ីលអន្ដរទ្វីប ICBM ប្រភេទ Minuteman III (មីនុយថេម៉ាន់ ៣) បានចាប់ផ្តើម នៅវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃពុធ វេលាក្នុងតំបន់ ចេញពីពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg (វ៉ាន់ដែនប៊ឺគ) ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ 

កងទ័ពសហរដ្ឋអាមេរិក បានបាញ់សាកល្បងមីស៊ីលអន្ដរទ្វីបរបស់ខ្លួនបានកើតឡើងត្រឹមប៉ុន្មានម៉ោង បន្ទាប់ពីរុស្ស៊ីបានដាក់ពង្រាយមីស៊ីលអន្ដរទ្វីបរបស់ក្រុងមូស្គូ ប្រភេទYars (យ៉ាស) ដើម្បីហ្វឹកហាត់ត្រៀមការប្រយុទ្ធ។

បើទោះជាយ៉ាងណាក៏ដោយ កងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការបាញ់មីស៊ីលអន្ដរទ្វីបរបស់ខ្លួន កាលពីថ្ងៃពុធ គឺជាសមយុទ្ធតាមអ្វីដែលបានគ្រោងទុក។

នេះជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក បន្ដថែរក្សានូវការរារាំងដ៏គួរឱ្យទុកចិត្ត និង មិនមែនជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានារបស់ពិភពលោកនាពេលបច្ចុប្បន្ននេះឡើយ។

លោក ហ្ការី អាសវ៉ស (Gary Ashworth) រដ្ឋលេខាធិការស្ដីទី នៃនាយករដ្ឋានកងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ជាក់ ថា៖«ការបាញ់សាកល្បង់មីស៊ីលអន្ដរទ្វីប Minuteman III នៅថ្ងៃនេះ គឺជាយុទ្ធសាស្រ្ដមួយ ដែលនាយកដ្ឋានកងទ័ពអាកាសសហរដ្ឋអាមរិកបង្ហាញអំពីការត្រៀមខ្លួនរួចជាស្រេចភាពជាក់លាក់ និងវិជ្ជាជីវៈនិយមរបស់កងកម្លាំងនុយក្លេអ៊ែររបស់ក្រុងវ៉ាស៊ីនតោន។ 

សមយុទ្ធមីស៊ីលអន្ដរទ្វីបនេះ ក៏ផ្ដល់នូវទំនុកចិត្តទៅលើមីស៊ីលដ៏គ្រោះថ្នាក់បំផុត  និង មានប្រសិទ្ធភាព សម្រាប់បេសកកម្មនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

លោកវរសេនីយ៍ ឌូស្ទីន ហារម៉ុន (Dustin Harmon) មេបញ្ជាការក្រុមបាញ់សាកល្បង និង វាយតម្លៃទី៣៧៧ ហៅកាត់ TEG បានបញ្ជាក់ ថា៖« ការបាញ់សាកល្បងមីស៊ីលអន្ដរទ្វីបនេះ  នឹងអនុញ្ញាតឱ្យកងកម្លាំងរបស់យើងវិភាគ និងរាយការណ៍ អំពីភាពត្រឹមត្រូវ ហើយភាពជឿជាក់សម្រាប់ប្រព័ន្ធមីស៊ីលអន្ដរទ្វីប នាពេលបច្ចុប្បន្ន ខណៈកំពុងតែត្រួតពិនិត្យទៅលើការកែលម្អប្រព័ន្ធមីស៊ីល ដែលត្រូវបានព្យាករ។

មីស៊ីលនុយក្លេអ៊ែរប្រភេទនេះ បានបាញ់សាកល្បង នៅពេលយប់ នៅក្នុងល្បឿន ១៥ ០០០ម៉ៃល៍ ឬស្មើនឹង ២ ៤១៤០,១៦គីឡូម៉ែត្រ ក្នុងមួយម៉ោង ហោះរយៈចម្ងាយសាកល្បង ឆ្ពោះទៅកាន់ក្បែរតំបន់ក្វាចាឡេន អាថូល (Kwajalein Atoll) នៃកោះម៉ាសល (Marshall) ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ 

មីស៊ីលអន្ដរទ្វីបប្រភេទនេះ ហោះបានចម្ងាយ៤២00ម៉ៃល៍ ឬស្មើនឹង ៦ ៧៥៩,២៤គីឡូម៉ែត្រ ត្រឹមតែរយៈពេលប្រហែល២២នាទីប៉ុណ្ណោះ៕