
តាកែវ៖ ថ្លែងក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖ «ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា, ការកើនឡើងនៃបរិមាណត្រី ដែលកើតពីការចូលរួមក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញសេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបន្ថែមទៀតថា៖ «លទ្ធផលនេះ គឺកើតពីការប្រើប្រាស់កម្លាំងសរុប ដែលជាការចូលរួមពីគ្រប់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយអ្វីដែលយើងសប្បាយរីករាយ គឺបរិមាណត្រីមានការកើនឡើងលក់មិនអស់ និងរក្សាបានតម្លៃសមរម្យ»។
ជាមួយនឹងសមិទ្ធផលវិជ្ជមាននេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ច្បាស់ថា៖ «កម្ពុជា ក្លាយជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង គឺដោយសារកត្តា២ គឺ៖ “សន្តិភាព និងគោលនយោបាយ”។ ជាក់ស្តែង, ពីមុនកម្ពុជាធ្លាប់ជាអ្នកធានាក្នុងការផលិត និងផ្គត់ផ្គង់ស្បៀង ក៏ប្រែក្លាយទៅជាប្រទេសនាំចូលផលិតផលស្បៀងពីខាងក្រៅ ក្នុងពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម, តែបច្ចុប្បន្ន, រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និងនាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «សមិទ្ធផលនៃកត្តាសន្តិភាព បានប្រែក្លាយកម្ពុជាទៅជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និងសម្រាប់នាំចេញផង ដែលការណ៍នេះ រួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ»។ ជាមួយនេះ, កត្តាគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយបានធ្វើ និងបន្តធ្វើយ៉ាងសកម្ម រួមមានដូចជា៖ «ដីកសិកម្មមិនយកពន្ធ, សម្ភារៈបម្រើការផ្នែកសិកម្មមិនយកពន្ធ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យកសិកម្ម, ប្រព័ន្ធធារាសាស្ត្រ, អន្តរាគមន៍ភ្លាមៗក្នុងករណីមានតម្រូវការ និងពង្រីក និងបង្កើតទីផ្សារបន្ថែម»។
ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ការដាក់ចេញគោលនយោបាយត្រឹមត្រូវ គឺបានធ្វើឱ្យយើងម្ចាស់ការ តាមរយៈការពង្រឹង ការអប់រំ, វិស័យសុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, បច្ចេកវិទ្យា អ៊ិនធើណែត បានធ្វើឱ្យកម្ពុជា អាចតទល់បានដោយងាយស្រួល សម្រាប់ការព្យាយាមគំរាមគំហែងមកកម្ពុជា ទាំងផ្នែកនយោបាយ, យោធា និងសេដ្ឋកិច្ច»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «កម្ពុជាបានប្រែក្លាយកន្លែងដែលធ្លាប់ជាកន្លែងគ្រាប់ផ្លោង ឱ្យក្លាយជាកន្លែងធ្វើកសិកម្ម, ក្នុងន័យនេះ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការ អភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារ និងផលិត ហើយលើក កម្ពស់ផលិតផលក្នុងស្រុក, ព្រមជាមួយគ្នានេះ, យើងនឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដូចនេះ, កម្ពុជាយើងនឹងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូសហប្រតិបត្តិការ ដោយមិនពឹងដង្ហើមគេដក ហើយត្រូវធានាដល់ដៃគូដែលជាការធានាសន្តិសុខនៃការផលិត និងទីផ្សារ»៕


