2025-07-14 10:41
18

កំពង់ឆ្នាំង៖ នាយឧត្តមសេនីយ៍ផ្កាយមាស៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា៖ «ពិធីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥)  បានចារិក និងចង់ចាំ អំពីការតស៊ូ ពលិកម្មនៃការតស៊ូ និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កងរាជអាវុធហត្ថ ដែលជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមការពារសន្តិភាព សុវត្ថិភាព សន្តិសុខ បូរណភាពទឹកដី និងព្រះមហាក្សត្រ និងជួយសង្គ្រោះដល់ពលរដ្ឋ ក្នុងករណីគ្រោះមហន្តរាយនានាជាដើម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង។

ក្រោយស្តាប់របាយការណ៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្តេចធិបតីបានកត់សម្គាល់ឃើញថា កងរាជអាវុធហត្ថបានពង្រឹង និងការអភិវឌ្ឃន៍សមត្ថភាពកងរាជអាវុធហត្ថ ជាមួយនឹងការធ្វើកែទម្រង់ទំនើបកម្ម នៃការអនុវត្តតួនាទីភារកិច្ចរយៈ៣២ឆ្នាំកន្លងមកនេះ។ ការដង្ហែក្បួនព្យុះហយាត្រានាថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់អំពីសកម្មភាពការងារប្រកបដោយឆន្ទៈយ៉ាងមុះមុត អង់អាចក្លាយហាន ការទទួលខុសត្រូវខ្ពស់ ព្យាយាមលះបង់ទាំងកម្លាំងកាយចិត្តទាំងធនធាន សម្ភារៈ ថវិកា ប្រកាន់ខ្ជាប់ការគោរពច្បាប់ គោរពវិន័យកងកម្លាំងប្រកបដោយវិជ្ជាជីវៈ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «យើងឃើញសមិទ្ធផលនៅទីនេះ នៅថ្ងៃនេះ គឺជាការអស្ចារ្យ ប៉ុន្ដែបើយើងបានឃើញទីនេះ កាលពីដំណាក់កាលកសាងដំបូង ប្រមាណ១៥ឆ្នាំមុន គឺរឹតតែអស់អស្ចារ្យថែមទៀត ខណៈការកសាងទីនេះ គឺមិនអាចកសាងឡើងបានដោយគ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ»៕