2025-09-13 15:39
21

បាត់ដំបង៖ ផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង សហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦និង០០ព្រឹក ដល់ ០៦និង០០ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរី ថ្មី តាមបណ្តោយផ្លូវលេខ៣ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ 

ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។

ក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធសូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕