2025-09-17 11:12
22

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។

តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ តំណាងភាគីនិយោជក បានស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមានៅដដែល ខណៈ តំណាងភាគីកម្មករនិយោជិតក៏មិនជំទាស់នឹងសំណើនេះ និងស្នើសុំរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែមលើសំណើរបស់តំណាងភាគីនិយោជក ស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

ក្នុងស្មារតីនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន ២០៨ (ពីររយប្រាំបី) ដុល្លារអាម៉េរិក ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យនិងសម្រេច។ យោងលើរបាយការណ៍ និងការពិភាក្សាបន្ថែមជាមួយភាគីពាក់ព័ន្ធ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ ដុល្លារអាម៉េរិក របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ (ពីររយដប់) ដុល្លារអាម៉េរិក ក្នុងមួយខែ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ បើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត បងប្អូនកម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ ដុល្លារអាម៉េរិក ដល់ ២៣៨ដុល្លារអាម៉េរិក ក្នុងមួយខែ។

បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត៕