2025-09-17 16:25
19

ភ្នំពេញ៖ ថ្លែងក្នុងឱកាសទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺឆ្នាំ២០២៥ រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា បានថ្លែងថា៖ “សុវត្ថិភាពអ្នកជំងឺ ត្រូវមានចាប់ផ្តើមតាំងពីថ្ងៃដំបូង យើងរួបរួមគ្នា ដើម្បីធានាថាមាតា ទារក និងកុមារ គ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំប្រកបដោយគុណភាព និងសុវត្ថិភាព”។

ការណ៍ថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នាឱកាសលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញក្នុងពិធីអបអរសាទរ និងបើកទិវាសុវត្ថិភាពអ្នកជំងឺពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ទារកទើបនឹងកើត និងកុមារគ្រប់រូប (Safe Care for Every Newborn and Every Child)”។ 

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសុវត្ថិភាពកុមារ ទារកទើបនឹងកើត និងមាតា ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព “សុខភាពល្អ និងសុខុមាលភាព” ដោយកំណត់គោលបំណងនៅឆ្នាំ២០៣០ បញ្ចប់ការស្លាប់ ដែលអាចបង្ការបាននៃទារកទើបនឹងកើត និងកុមារអាយុក្រោម ៥ឆ្នាំ ដោយសុវត្ថិភាព គឺជាអ្វីដែលអាច ចៀសវាងបាន ការពារបាន សម្រួលបានពុំឱ្យកើតមានជាញឹកញាប់ និងកាត់បន្ថយដំណើរការមិនចាំបាច់ដែលបង្កឱ្យមានភាពខុសឆ្គង។

ទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ត្រូវបានបង្កើតឡើងដោយសន្និបាតសុខភាពពិភពលោក (World Health Assembly) ក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល និងសកម្មភាពនៃសុវត្ថិភាពអ្នកជំងឺ។ ការប្រារព្ធទិវា នៅថ្ងៃនេះ ក្រោមពាក្យស្លោក «សុវត្ថិភាពអ្នកជំងឺត្រូវមាន ចាប់ផ្តើមតាំងពីថ្ងៃដំបូង» ដើម្បីពង្រឹងសុវត្ថិភាព ក្នុងពេលសម្រាលកូន ការថែទាំក្រោយសម្រាល ការចាក់ថ្នាំបង្ការ ការធ្វើរោគវិនិច្ឆ័យ ការការពារការចម្លងមេរោគ និងការរកឃើញបញ្ហាគ្លីនិកឱ្យបានទាន់ពេល។ 

លោកសាស្ត្រាចារ្យ ឈាង រ៉ា បន្ថែមថា ការលើកកម្ពស់វប្បធម៌សុវត្ថិភាព និងការកែលម្អគុណភាពជាបន្តបន្ទាប់ គឺជាចំណុចសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលសុខភាពប្រកបដោយសមធម៌។ ផែនការសកម្មភាពសុវត្ថិភាពអ្នកជំងឺជាសកល២០២១-២០៣០ គឺជាយុទ្ធសាស្រ្ត ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំប្រកបដោយសុវត្ថិភាព។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវសារគន្លឹះមួយចំនួនដល់អង្គពិធីទាំងមូល ដើម្បីជាមាគ៌ាសម្រាប់អនុវត្ត ធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពអ្នកជំងឺ រួមមាន៖ ត្រូវពង្រឹងឱ្យមានវប្បធម៌សុវត្ថិភាពអ្នកជំងឺនៅគ្រប់ទីកន្លែងនៃការផ្តល់សេវាទាំង មុនពេល ក្នុងអំឡុងពេល និងក្រោយការថែទាំព្យាបាល។ អនុវត្តគំរូទំនាក់ទំនងជា SBAR (Situation-Background-Assessment-Recommendation) ជាឧបករណ៍ ដើម្បីពង្រឹងវប្បធម៌សុវត្ថិភាព។  រៀបចំផែនការសកម្មភាពតាមមន្ទីរពេទ្យ ដោយផ្តោតលើបញ្ហាអាទិភាព អនុវត្តតាមរយៈក្រុមការងារពិសេស Tiger team និងធ្វើការវាយតម្លៃប្រសិទ្ធភាពជាប្រចាំលើសូចនាករ និងផ្តល់ព័ត៌មានត្រឡប់។ គ្រប់មន្ទីរពេទ្យត្រូវតាមដាន និងទប់ស្កាត់ការចម្លងរោគនៅតាមមូលដ្ឋានសុខាភិបាល ដែលជាធាតុសំខាន់នៃសុវត្ថិភាពអ្នកជំងឺ និងបន្តចែករំលែកការសិក្សា និងការអនុវត្តល្អ ដូចបានចែករំលែក PDIA ជាមួយ Tiger team និងជាមួយមន្ទីរពេទ្យផ្សេងទៀត ដើម្បីធានាថា សុវត្ថិភាពអ្នកជំងឺត្រូវបានពង្រឹងគ្រប់ផ្នែក តាមរយៈការ ប្រាស្រ័យទាក់ទងដោយមានប្រសិទ្ធភាពជាមួយអ្នកជំងឺ និងរវាងក្រុមការងារមន្ទីរពេទ្យ ពង្រឹងប្រព័ន្ធរបាយការណ៍ ប្រព័ន្ធឌីជីថល បង្កើនការវាយតម្លៃតាមប្រព័ន្ធទទួលស្គាលគុណភាព (accreditation) និងធ្វើការស្វែងយល់បន្ថែមអំពីប្រភេទជំងឺ។ 

ជាទីបញ្ជប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តរបស់ប្រទេសជប៉ុនក្នុងការគាំទ្រ វិស័យសុខាភិបាលកម្ពុជា ជាពិសេសការជួយទៅលើសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមកនេះ។ លោកសាស្រ្តាចារ្យ សូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង និងការគាំទ្ររបស់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមគ្នាយកចិត្តទុកដាក់ និងចូលរួមលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា។

កិច្ចប្រជុំមានការអញ្ជើញចូលរួមផ្ទាល់ពី លោកស្រីវេជ្ជបណ្ឌិត  Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង អភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល ស្ថានទូតជប៉ុន គណៈវិជ្ជាជីវៈ អង្គការដៃគូ និស្សិត និងតាមប្រព័ន្ធអនឡាញZoom មន្ទីរពេទ្យខេត្ត ស្រុក មណ្ឌលសុខភាព និងថែទាំគ្លីនិកឯកជន៕