2025-09-17 19:45
22

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមទាហានឈ្លានពានថៃ ប្រដាប់ដោយខែល ដំបង និងអាវុធ បានបន្តរំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រហូតឈានដល់ផ្ទុះអំពើហិង្សា បណ្តាលឱ្យព្រះសង្ឃ ប្រជាពលរដ្ឋ និងទាហានកម្ពុជា ជាច្រើននាក់រងរបួស។

ក្នុងការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងកម្លាំងទាហានថៃ ពួកវាបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ កាំភ្លើងបាញ់គ្រាប់ជ័រ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ។ ចំពោះកងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវការអនុវត្តបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនកម្ពុជា។

តាមសេចក្តីរាយការណ៍បឋម នៅល្ងាចថ្ងៃទី១៧ ខែកញ្ញានេះ ប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិស ប្រមាណ ១០ នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុនៃប៉ះទង្គិចជាមួយទាហានថៃ ដែលបន្តរាយបន្លាលួសរំលោភចូលអធិបតេយ្យភាពរបស់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ។ ភាពតានតឹងនៃការតវ៉ារបស់ពលរដ្ឋខ្មែរជាមួយទាហានឈ្លានពានថៃ បានកើតមានខ្លាំងនៅថ្ងៃទី១៦ រហូតនារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ផ្ទុះជាអំពើហិង្សាដោយសារទាហានថៃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ចំពាមកៅស៊ូ កាំភ្លើងបាញ់គ្រាប់ជ័រ មកលើប្រជាពលរដ្ឋកម្ពុជា។

ជុំវិញការប៉ះទង្គិចគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្រ្តា បានបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់លោកថាថា «ទាហានថៃបានបន្តបំពានមកលើកម្ពុជាដោយបានបន្តរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជា ដែលបង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃផងដែរ។ រីឯកងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង»

ពាក់ព័ន្ធនឹងភាពតានតឹងនេះ មិនទាន់មានប្រតិកម្មពីមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិ និងអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅឡើងទេ ប៉ុន្តែលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏ដូចជាស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា «ឱ្យសូមបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានតាមដានព័ត៌មានផ្លូវការ ដែលមានប្រភពចេញស្ថាបនរដ្ឋាភិបាល ដើម្បីចៀសវាងព័ត៌មានក្លែងក្លាយ»