
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅព្រលប់ថ្ងៃពុធនេះថា កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ០៣និង៤៤នាទី កងទ័ពថៃ កងកម្លាំងយោធាប្រដាប់ដោយអាវុធ និងនគរបាលបង្ក្រាបបាតុកម្មប្រដាប់ដោយដំបង ខែល និងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មី នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យតាំងពីលង់ណាសមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋចេញមករារាំងការពារដីធ្លីរបស់ខ្លួន និងរើបន្លាលួសទាំងអស់នោះចេញវិញ។
លោក ប៉ែន បូណា បានថ្លែងថា «សមត្ថកិច្ចថៃ បានប្រើកាំភ្លើងគ្រាប់ជ័រ, គ្រាប់បែកផ្សែងធ្វើឱ្យហ៊ាទឹកភ្នែក, បាញ់ចំពាមកៅស៊ូគ្រាប់ឃ្លី និងប្រើឧបករណ៍សំឡេងដែលបណ្ដាលឱ្យប៉ះពាល់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងប្រើអំពើហិង្សាមកលើពលរដ្ឋកម្ពុជា បណ្តាលឱ្យប្រជាពលរដ្ឋ ព្រះសង្ឃ យ៉ាងតិច ចំនួន ១៤ អង្គ/នាក់ ដួលសន្លប់រងរបួសធ្ងន់ និងស្រាល»។
«កងកម្លាំងចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធដែលកំពុងឈរជើងប្រចាំតំបន់នោះ ក៏មានវត្តមានក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងការប្រកាន់ខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងគោរពតាមគោលការណ៍ដែលបានឯកភាពគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
លោក ប៉ែន បូណា បានបន្ថែមទៀតថា៖ «សមត្ថកិច្ច និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួយសង្គ្រោះប្រជាពលរដ្ឋ និងព្រះសង្ឃដែលរងរបួសធ្ងន់តាមរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃ មកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC និង RBC ព្រមទាំងអនុស្សរណៈនៃការយោគយល់ត្រង់ចំណុចទី២ មាត្រា៤ នៃ MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
លោក ប៉ែន បូណា បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាន់គោលជំហរច្បាស់លាស់ ក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រមទ្វេភាគីដែលមានជាធរមាន ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា ច្បាប់អន្តរជាតិ និងសូមអំពាវនាវដោយទទូចឲ្យភាគីថៃ គោរពគោលការណ៍ទាំងនេះដូចគ្នាដែរ ដើម្បីរក្សាបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងផ្នែកយោធា ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ដែលនាំដល់ការផ្ទុះអាវុធសារជាថ្មី»៕





