
ហ្សឺណែវ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចសន្ទនាអន្តរកម្មជាមួយក្រុមការងារស្តីពី ការឃុំខ្លួនតាមអំពើចិត្ត ពាក់ព័ន្ធនឹងទាហានកម្ពុជា ដែលត្រូវបានចាប់ខ្លួនទាំង១៨នាក់ ដោយភាគីថៃ ក្រោយមានបទឈប់បាញ់។
ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទកាលព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
លោកឯកអគ្គរាជទូតបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តឃុំខ្លួនទាហាន ដែលត្រូវបានចាប់ខ្លួនក្នុងឯកសណ្ឋានដោយប្រទេសថៃ ភ្លាមៗបន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ស្ថានភាពឈ្លើយសឹករបស់ពួកគាត់ត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវទីបី។ យោងតាមមាត្រា ១១៨ តម្រូវឱ្យមានការដោះលែង និងមាតុភូមិនិវត្តន៍ ដោយគ្មានការពន្យារពេលបន្ទាប់ពីការបញ្ឈប់នៃអរិភាពសកម្ម។
ការបន្តឃុំឃាំងណាមួយ ទោះបីក្រោមលេសនៃការសួរចម្លើយ ឬការការពារអរិភាពក្នុងពេលអនាគត ត្រូវចាត់ទុកថាជាការបង្ខាំងដោយខុសច្បាប់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរនៃអនុសញ្ញា ដែលមិនត្រឹមតែតម្រូវឱ្យមានការទទួលខុសត្រូវអន្តរជាតិរបស់រដ្ឋដែលកំពុងធ្វើការឃុំខ្លួននោះទេ តែក៏តម្រូវឱ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលក្រោមលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ។
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា «ការការពារដែលត្រូវធ្វើឡើងចំពោះអ្នកឈ្លើយសឹកមិនមែនបញ្ចប់ត្រឹមតែការព្យាបាលដោយមនុស្សធម៌ក្នុងអំឡុងពេលឃុំខ្លួននោះទេ តែក៏រួមបញ្ចូលការដោះលែងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ»។
ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យក្រុមប្រឹក្សាប្រឹក្សាសិទ្ធិមនុស្ស និងក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្តប្រកាន់ភា្ជប់នូវគោលការណ៍ទាំងនេះ និងទាមទារឱ្យដោះលែងទាហានដែលជាប់ឃុំទាំង១៨ ជាបន្ទាន់៕

