2025-10-03 18:32
58

(កោះកុង)៖   កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងគយចល័ត បានធ្វើការឃាត់ទូកដឹកទំនិញខុសច្បាប់មួយគ្រឿងចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមផ្លូវសមុទ្រ នៅថ្ងៃទី២៨ កញ្ញា ២០២៥ នៅចំណុចមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ 

ក្រោយប្រត្តិបត្តការបង្ក្រាបដោយមានការមន្ទិលសង្ស័យទើបនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣៖០០នាទី កម្លាំងសមត្ថកិច្ចធ្វើការឆែកឆេរត្រួតពិនិត្យលើមុខទំនិញជាក់ស្ដែងដែលមាននៅលើទូកនោះ ស្រាប់តែប្រទះឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំផ្សេងទៀតជាង៥០០គីឡូក្រាម ។ យោងតាមរបាយការណ៍ររបស់សមត្ថកិច្ចបាន ក្នុងការបង្ក្រាបទូកដឹកទំនិញពីថៃចូលមកកម្ពុជា មានដូចជា៖ កញ្ឆាក្រៀមចំនួន១២៤កញ្ចប់ (ធំ១២២កញ្ចប់, តូច២កញ្ចប់)ស្មើនឹង៦១.២០គីឡូក្រាម និងម្សៅក្រាមចំនួន ៨៩៩កញ្ចប់ ស្មើនឹង ៥១០.៣០គីឡូក្រាម ពុំមែនជាសារធាតុញៀននោះទេ គឺជាម្ស៉ៅសម្រាប់ធ្វើភេសជ្ជៈ។

បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅការិយាល័យ គយ និងរដ្ឋាករប៉ាក់ខ្លង ខេត្តកោះកុង ជាបណ្តោះអាសន្ន ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី។ សូមរំលឹកដែលថាកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមឈ្មួញបាននាំសាច់បង្កកតាមទូកកន្ទុយវែងចេញពីប្រទេសសៀម ចូលមកកម្ពុជាតាមច្រកទឹកឆ្ពោះមកប៉ាក់ខ្លងដើម្បីចែកចាយបន្ត ប៉ុន្តែអាកាសធាតុមិនអំណោយផលទូកជាប់នោះគាំងលេងទៅមុខលែងរួច ត្រូវខ្យល់បោកបក់ខ្លាំងបណ្ដាលទូកបែកជាបំណែក ក្អែរចេញសុទ្ធតែសាច់បង្កក អណ្ដែតត្រៀបត្រាពាសពេញផ្ទៃសមុទ្រ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងមួយករណីទៀតកាលពីម៉ោងប្រមាណជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ទូកដឹកគ្រឿងសមុទ្រ និងសាច់បង្កកមួយគ្រឿងចេញពីប្រទេសថៃ-ចូលមកកាន់កម្ពុជា ត្រូវសមត្ថកិច្ចចាប់ឃាត់ ហើយប្រគល់ឲ្យមន្ត្រីជំនាញគយ ធ្វើការបង់ពន្ធ បន្ទាប់មកគយអនុញ្ញតឲ្យឈ្មួញយកទំនិញទាំងនោះធ្វើការចែកចាយបន្តជាធម្មតា  ៕