2025-10-04 10:59
72

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០២៥ នេះ ករណីការប្រមូលផ្ដុំតវ៉ារបស់កម្មកររោងចក្រ «តារាល» បានឈានដល់ការព្រមព្រៀងសះជា ក្រោមការសម្របសម្រួលដ៏លឿនរហ័សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋានដោយកម្មករនឹងចូលធ្វើការជាធម្មតាវិញនៅថ្ងៃស្អែកនេះ។ នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

អ្នកនាំពាក្យដដែលរូបនេះ បានឱ្យដឹងថា ក្រោយការប្រមូលផ្ដុំតវ៉ាបិទផ្លូវជាតិលេខា៣ ពីសំណាក់កម្មករនិយោជិតនៃក្រុមហ៊ុន តារាល នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៣ ខែតុលានេះភ្លាម លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជកដោយផ្អែកទៅលើកត្តាច្បាប់រហូតឈានដល់ការព្រមព្រៀងសះជា បានចំនួន ១៦ ចំណុច ក្នុងចំណោមលក្ខខ័ណ្ឌដែលបានទាមទា ១៨ ចំណុច។ ចំណុចទាំងនោះរួមមានការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើការទៀងទាត់ (លុយព្រីម) ក្នុងករណីមកយឺតក្រោម១៥ នាទីក្នុងមួយខែ និងការអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ជាដើម។ 

លោក ស៊ុន មេសា បញ្ជាក់ថា៖ «ក្រោយការសម្របសម្រួល ការយកចិត្តទុកដាក់ និងការដោះស្រាយប្រកបដោយភាពលឿនរហ័ស និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីជំនាញនៃក្រសួងការងារបងប្អូនកម្មករកម្មការិនី និងភាគីរោងចក្របានឈានដល់ការព្រមព្រៀងគ្នានៅថ្ងៃដដែល ហើយកម្មករនឹងវិលចូលធ្វើការវិញនៅថ្ងៃស្អែកតាមការព្រមព្រៀងគ្នា»។ 

លទ្ធផលសះជាដ៏លឿនរហ័សនេះ គឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈរួមទាំងអាជ្ញាធរមូលដ្ឋាននៃរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ដដែល។

ក្រសួងការងារសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ទទួលយកនូវដំណោះស្រាយដែលក្រុមហ៊ុន បានយល់ព្រម និងត្រូវសហការអនុវត្តតាម បទប្បញ្ញត្តិច្បាប់ និងចៀសវាងធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតភាគច្រើនផ្សេងទៀត ដែលបាននិងកំពុងខិតខំធ្វើការនៅក្នុងរោងចក្រ៕