
កោះកុង៖ «ការអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងបរិស្ថាន ដោយមានការចូលរួម សហការពីក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់លើជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកន្លងមក រួមជាមួយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទីទិ១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ការណែនាំ និងគាំទ្រការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានជំនាញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។
លោករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ក្រសួងបរិស្ថាន គាំទ្រឱ្យមានការរៀបចំគម្រោងអភិវឌ្ឍន៍កោះស្រឡៅ ក្នុងភូមិសាស្រ្តឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ទៅជាកោះអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា នៅពេលខាងមុខ តាមរយៈការគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបង្កើតជម្រើសជីវភាព និងមុខរបរ ដែលចូលរួមចំណែកដល់ការអភិរក្ស បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងអនាម័យបរិស្ថាន ឱ្យមានភាពស្អាតទាំងនៅលើដី លើមេឃ និងក្នុងទឹក និងការរៀបចំគោលដៅលំហែបៃតង ដែលដើរតួនាទីដ៏សំខាន់ ក្នុងការកាត់បន្ថយការដាក់សម្ពាធ លើធនធានធម្មជាតិ និងលើកកម្ពស់ការងារអភិរក្ស ធនធានធម្មជាតិ។
ក្នុងឱកាសនោះដែល លោករដ្ឋមន្រ្តីបានណែនាំសកម្មភាពអាទិភាពមួយចំនួន ដើម្បីជួយឱ្យក្រុមការងារជំនាញក្រសួងបរិស្ថាន បំពេញការងារប្រកបប្រសិទ្ធភាព ឆ្ពោះទៅការរៀបចំសហគមន៍កោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូនគំរូមួយនៅកម្ពុជា ត្រូវជំរុញការផ្សព្វផ្សាយចំណេះដឹងលើភាពស្អាត ភាពបៃតង ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបោះសំរាមចោលផ្តេសផ្តាស ដើម្បីទប់ស្កាត់ការបំពុលទឹក ដី និងខ្យល់, រៀបចំសិក្សាលម្អិតលើផែនការធ្វើឱ្យកោះស្រឡៅមានភាពស្អាត ពង្រឹងគ្រប់គ្រងអនាម័យបរិស្ថាន រៀបចំកន្លែងទុកដាក់សំរាម បំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ ដាក់ឡដុតសំរាមស្តង់ដារដើរដោយពន្លឺព្រះអាទិត្យ និងផ្តល់អំពូលសូឡា ជូនប្រជាពលរដ្ឋប្រើប្រាស់។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា ត្រូវពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដាំស្តារព្រៃ ជាពិសេសដើមកោងកាង ឱ្យកាន់តែច្រើន និងជួយបង្កើនគម្របព្រៃឈើ ដើម្បីធានាបាននូវបរិស្ថានបៃតងសម្រាប់រយៈពេលយូរអង្វែង, ការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈករបង្កើនជម្រើសមុខរបរ ការចិញ្ចឹមពូជក្តាមធម្មជាតិ ការនេសាទដែលមិនប៉ះពាល់ដល់ធនធានធម្មជាតិ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើតឱ្យទីផ្សារផលិតផលសម្គាល់ភូមិសាស្រ្តចេញពីកោះស្រឡៅ, បង្កើតគោលដៅលំហែបៃតង មានលក្ខណៈស្តង់ដាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាធម្មជាតិ ដ៏ស្រស់ត្រកាល នៅទីនេះ សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងផែនការផ្សេងៗទៀត ជួយឱ្យការគ្រប់គ្រងតំបន់ការពារធម្មជាតិមានប្រសិទ្ធភាព និងជួយបង្កើនជីវភាពសហគមន៍មូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា សហគមន៍កោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលហ៊ុមព័ទ្ធដោយព្រៃកោងកាង និងជាទីកន្លែងសម្បូរទៅដោយគ្រឿងសមុទ្រធម្មជាតិស្រស់ៗ ជីវៈចម្រុះជាច្រើនប្រភេទ និងមានប្រជាសហគមន៍អាស្រ័យផលប្រមាណ ៣០០ គ្រួសារ៕


