
ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការអនុវត្តជាដំណាក់កាល នូវការប្រើកងមានជាតិថ្នាំដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លង «មេរោគអេដស៍» ក្នុងចំណោមស្ត្រីប្រឈមខ្ពស់ក្នុងព្រះរាជាណាចក្រកម្ពុជា (DVR-PrEP)។
ការប្រកាសដាក់ឱ្យសំណើរការជាផ្លូវការនូវសេវាប្រឹពកង (DVR-PrEP) នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខ ជាពិសេសស្រ្តីដែលប្រឈម ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជា ក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឱ្យដំណើរការសេវា DVR-PrEP នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។
លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនទាក់ទងនឹងការអនុវត្តការផ្តល់សេវា DVR-PrEP ក៏ដូចជា សេវាបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ ដូចជា៖ ត្រូវយកចិត្តទុកដាក់ ផ្តល់សេវាដោយគ្មានការរើសអើង, ត្រូវបង្កើនការផ្សព្វផ្សាយ និងការអប់រំ អំពីមេរោគអេដស៍ និងជំងឺកាមរោគ, ពង្រឹងគុណភាព នៃសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺអេដស៍ និងកាមរោគ នៅតាមមូលដ្ឋានសុខាភិបាល, សហការគាំទ្រឱ្យមានការចូលរួម របស់បណ្តាញសហគមន៍ និងតំណាងក្រុមប្រឈម រួមទាំងស្ត្រី និងយុវវ័យ និងបង្កើនការធ្វើតេស្តរកមេរោគអេដស៍ និងបន្តពង្រឹងការអនុវត្តការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។
ក្នុងឱកាសនេះដែរ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានគោរពថ្លែងអរគុណជូនចំពោះ សម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ទីរសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព អង្គការដៃគូជាតិ និងអន្តរជាតិ រួមមានអង្គការ UNAIDS, WHO, US-CDC, FHI360/EpiC Project, KHANA, RHAC, CHAI, AHF, និងភ្នាក់ងារប្រទេសផ្តល់ជំនួយទាំងអស់ ដូចជា មូលនិធិសកល សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលីដែលបានផ្តល់ថវិកាក្រោមគម្រោង DFAT ព្រមទាំងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រឈមដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។
ពិធីនេះ មានការចូលរួមពី លោកស្រី Patricia Ongpin ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី និងលោកស្រី Kirsty Harris ទីប្រឹក្សាផ្នែកអភិវឌ្ឍន័ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា វេជ្ជបណ្ឌិត ស៊ឹម សុផៃ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, វេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល ព្រមទាំង លោក លោកស្រី ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ចំនួន ៧៣ រូប៕

