2025-10-11 11:51
31

ទាហានថៃ បានទទួលខស្គាល់ថា ពួកគេបានចាក់ធុងបាស់បំពងសំឡេងឆ្កែស្រែកព្រូស ឆ្កែលូ និងសំឡេងខ្មោចទាំងកណ្តាលអធ្រាត្រ ដើម្បីបំភិតបំភ័យ បន្លាច ក្រុមទាហាន និងប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យពួកគេខ្លាចដេកមិនលក់ និងបង្ខំឱ្យពួកគេភៀសខ្លួនចេញពីតំបន់នោះ។

ប្រព័ន្ធផ្សព្វផ្សាយក្រុងបាងកក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា នៅវេលាម៉ោងប្រហែល ១១និង០០នាទីយប់ ទាហានថៃ ដែលឈរជើងនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ដែលជាកន្លែងដែលពួកគេបានដាក់ឱសានវាទ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បណ្តេញប្រជាជនកម្ពុជាចាកចេញពីទឹកដីដែលធ្លាប់រស់។

ក្រុមទាហានថៃ បាននាំយកឡានដឹកឧបករណ៍ចាក់បំពងសំឡេង សត្វឆ្កែស្រែកលូ ឆ្កែព្រូស  និងសំឡេងខ្មោច ដើម្បីបន្លាចឱ្យទាហារកម្ពុជា និងជនស៊ីវិលភ័យខ្លាច និងមានផលប៉ះពាល់យ៉ាងខ្លាំងដោយសារសំឡេង ដើម្បីឱ្យពួកគេជម្លៀសចេញ។ ទាហានថៃ បានអះអាងថា ពួកគេសប្បាយចិត្តយ៉ាងខ្លាំង ដែលសំឡេងនេះ បានធ្វើឲ្យទាំងជនស៊ីវិល និងទាហានកម្ពុជា នៅតំបន់នោះ ភិតភ័យដោយខ្លះមិនហ៊ានសម្រាកទល់ភ្លឺ។ 

អ្នកវិភាគបានលើកឡើងថា បើការចាក់សំឡេងរំខានខ្លាំង ដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរ រត់ចេញ ឬរងទុក្ខវេទនាផ្លូវចិត្ត ត្រូវបានចាត់ទុកថា ខុសច្បាប់អន្តរជាតិផ្នែកសិទ្ធិមនុស្ស និងច្បាប់សង្រ្គាម។ ប្រទេសថៃជាសមាជិកនៃកិច្ចព្រមព្រៀងអន្តរជាតិអំពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដែលធានាសិទ្ធិឲ្យមនុស្សទាំងអស់មានសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្ត។ ការប្រើអំណាចរដ្ឋ ឬយុទ្ធសាស្ត្រ ដើម្បីបង្កការភ័យស្លន់ស្លោចំពោះមនុស្សសាមញ្ញ ត្រូវបានចាត់ទុកថា «ជាការរំលោភសិទ្ធិមនុស្ស»