2025-10-13 14:38
15

តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកខេត្តតាកែវ និងដោយមានការចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងផលប៉ះពាល់នៅទីតាំងសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូ ប្រវែង ១១៩ ម៉ែត្រ ដែលបានរក្សាទុកចំណីមាត់ស្ទឹងខ្លីខុសពីច្បាប់កំណត់ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

សូមជម្រាបថា ជាវិធានការ អាជ្ញាធរបានធ្វើការណែនាំឱ្យក្រុមហ៊ុនរុះរើសំណង់របងបេតុងប្រវែង ១១៩ ម៉ែត្រ ដែលបានសង់កៀកនឹងមាត់ស្ទឹង ថយមកខាងក្រោយដោយរក្សាទុកគម្លាត ៣០ ម៉ែត្រ ពីមាត់ច្រាំងស្ទឹង ទៅតាមច្បាប់កំណត់ ក្នុងរយៈពេល១៤ថ្ងៃ ហើយដីចំណីស្ទឹងដែលស្ថិតនៅខាងក្រៅរបងនឹងត្រូវអភិវឌ្ឍន៍ជាផ្លូវ និងសួនសាធារណៈ។

សូមបញ្ជាក់ថា បើតាមមាត្រា ៨ នៃអនុក្រឹត្យស្តីពី ការគ្រប់គ្រងអាងទន្លេ ដីចំណីមាត់ច្រាំង និងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖ ទី១) ឆ្នេរ និងពាមសមុទ្រ ចម្ងាយ ១០០ (មួយរយ) ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម(ពេលទឹកជោរអតិបរមា)។ ទី២) ទន្លេ ចម្ងាយ ៥០(ហាសិប)ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។ ទី៣) ស្ទឹង ចម្ងាយ ៣០(សាមសិប)ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង។ ទី៤) ព្រែក ចម្ងាយ ២០(ម្ភៃ)ម៉ែត្រ គិតពីមាត់ច្រាំងព្រែក។ ទី៥) អូរ ចម្ងាយ ១០(ដប់)ម៉ែត្រ គិតពីមាត់ច្រាំងអូរ។ ទី៦) ប្រឡាយមេ ចម្ងាយ ១០(ដប់)ម៉ែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។ ទី៧) ប្រឡាយរង ចម្ងាយ៥(ប្រាំ)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។ ទី៨)  ប្រឡាយស្រោចស្រព ចម្ងាយ៣(បី)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។ ទី៩) អាងទឹក ចម្ងាយ ១០០(មួយរយ)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក។

 ទី១០) បឹងបួ ចម្ងាយ ៥០(ហាសិប)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក និងទី១១) ទំនប់អាងទឹក ចម្ងាយ២០(ម្ភៃ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់តិចជាង ៤(បួន)ម៉ែត្រ។ ចម្ងាយ១០០(មួយរយ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់ពី ៤(បួន)ម៉ែត្រ ទៅ៨(ប្រាំបី)ម៉ែត្រ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី ៨(ប្រាំបី)ម៉ែត្រឡើងទៅត្រូវបានកំណត់អនុក្រឹត្យដោយឡែក៕

ក្រោយការចុះពិនិត្យរបងថ្មខាងលើ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យម្ចាស់ទីតាំង ធ្វើការរុះរើរបង ថ្មដែលមានប្រវែង ១១៩ ម៉ែត្រ នោះជាបន្ទាន់ ដោយទុកពេល១៤ថ្ងៃ។ លោកអភិបាលខេត្តបានបញ្ជាក់ថា «ការសាងសង់របងនេះ បានធ្វើឡើងដោយមិនបានសុំការអនុញ្ញាតិពីអាជ្ញាធរទេ គឺយោងតាមប័ណ្ណកម្មសិទ្ធិដែលខ្លួនមាន»។

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងបញ្ជាក់ពីគោលការណ៍សំខាន់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែសហការជាមួយក្រសួងធនធានទឹក រាល់ការចេញប័ណ្ណកម្មសិទ្ធិដែលពាក់ព័ន្ធនឹងចំណីព្រែក ស្ទឹង បឹងបួរទាំងអស់។

ពាក់ព័ន្ធនឹងករណីសាងសង់របងប៉ះពាល់ដីចំណីស្ទឹងស្លាគូនេះ លោករដ្ឋមន្ត្រីបានសន្យាថា ក្រសួងធនធានទឹកនឹងចាត់បញ្ជូនមន្រ្តីមកសហការជាមួយអាជ្ញាធរខេត្ត និងម្ចាស់ទីតាំង ដើម្បីរុះរើរបងដែលសាងសង់រំលោភនេះចេញ ហើយនឹងបន្តសុំគោលការណ៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចេញប័ណ្ណកម្មសិទ្ធិថ្មីឱ្យបានត្រឹមត្រូវតាមច្បាប់៕