កណ្តាល៖ ស្ដាយបុណ្យស័ក្ក កិត្តិយសជំនួសលោកផ្កាយ០១ ខ្លាំងណាស់! តើជោគវាសនា លោកផ្កាយ១ សុខ ស៊ីថា និងទៅជាយ៉ាងណាបន្ទាប់ពីប្រើប្រាស់អំពើរហិង្សាកាប់ប្រហារលើជនរងគ្រោះ២នាក់រងរបួសធ្ងន់ ខណៈបក្សពួកលោកផ្ដាយ១ ចំនួន៤នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់តាមផ្លូវច្បាប់ ក្នុងករណីហិង្សាដោយចេតនា ដោយឡែកលោកផ្ដាយ០១វិញ រត់ផាសប្រញ៉ាំគេចខ្លួនបាត់ ។
តាមការស្រាវជ្រាវរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រុមជនសង្ស័យមានគ្នាចំនួន០៥នាក់ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី សុខ ស៊ីថា ជាមន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ កំពុងរត់គេចខ្លួនពីការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនចំពោះផ្លូវច្បាប់។
ក្រោយទទួលព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវបំភ្លឺពាក់ព័ន្ធករណីនេះ ជាលទ្ធផលរកឃើញ ករណី៖ “ហិង្សាដោយចេតនា” កើតហេតុឡើងកាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩និង០០នាទី ចំណុចភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
ជនរងគ្រោះក្នុងអំពើហិង្សានោះ មានចំនួន០២នាក់ ទី១៖ ឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង និងទី២៖ ឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
ចំពោះករណីនេះ ជនសង្ស័យ មានគ្នាចំនួន ០៥ នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន ចំនួន ០៤ នាក់ ដកហូតកាំបិទផ្គាក់១ដើម។ ចំណែក លោកផ្កាយ១ សុខ ស៊ីថា ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល មានទីលំនៅបច្ចុប្បន្ន ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល ជាជនដៃដល់ កំពុងគេចខ្លួន។
តាមប្រភពបានបញ្ជាក់ថា ការឈានដល់ការប្រើអំពើហិង្សាបង្កឡើងដោយក្រុមលោកផ្កាយ១ សុខ ស៊ីថា គឺផ្តើមឡើងរឿងធ្វើរបងប៉ះពាល់ព្រំដីនាំឱ្យមានជម្លោះវាយ និងកាប់លើជនរងគ្រោះតែម្តង។
ដោយអនុវត្តតាមការដឹកនាំបញ្ជា របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន ០៤ នាក់ នាំមកសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្ត។ រីឯលោកផ្កាយ១ សុខ ស៊ីថា សមត្ថកិច្ចកំពុងតាមប្រមាញ់មិនឱ្យគេចខ្លួនផុតពីសំណាញ់ច្បាប់ឡើយ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កសាងសំណុំរឿងបន្តចាត់ការតាមនីតិវីធី។
ចំណែកជនសង្ស័យឈ្មោះ សុខ ស៊ីថា ដែលគេចខ្លួន សមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងស្វែងរកទៅតាមនីតិវិធីជំនាញ៕





