2026-01-11 13:12
13

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា បន្តពិនិត្យលទ្ធភាពបន្ថែម ក្នុងការចូលរួមជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់យោធិនកម្ពុជា និងប្រជាពលរដ្ឋជនភៀសសឹក ដែលរងផលប៉ះពាល់ផ្ទាល់ពីជម្លោះនៅតាមព្រំដែន។ នេះបើតាមសារពិសេសរបស់សម្តេចធិបតី ដែលថ្លែងទៅកាន់ប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ឃើញពីការលំបាក និងបន្ទុកបំណុល ដែលបងប្អូនយោធិន និងប្រជាពលរដ្ឋជនភៀសសឹកកំពុងប្រឈម ដោយសារបញ្ហាអសន្តិសុខនៅតំបន់ព្រំដែន ដែលប៉ះពាល់ដល់ជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ។

ក្នុងន័យនេះ សម្តេចធិបតី បានអំពាវនាវឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ បន្តសហការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដោយពិចារណាលើវិធានការសមស្រប ដូចជា ការពន្យារពេលសងបំណុល ការកែសម្រួលលក្ខខណ្ឌឥណទាន ឬវិធានការគាំទ្រផ្សេងៗ ដើម្បីជួយសម្រាលបន្ទុក និងបង្កើនសមត្ថភាពស្ដារជីវភាពរបស់អ្នករងផលប៉ះពាល់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការចូលរួមរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺជាកត្តាសំខាន់មួយ ក្នុងការរួមចំណែករក្សាស្ថិរភាពសង្គម និងគាំទ្រដល់ការស្ដារឡើងវិញនៃជីវភាពប្រជាពលរដ្ឋ បន្ទាប់ពីជម្លោះ ដោយរាជរដ្ឋមន្ត្រី នឹងបន្តតាមដាន និងជំរុញកិច្ចសហការនេះឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត»៕