ភ្នំពេញ៖ តាមរយៈសារពិសេស របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពនៅតំបន់មិនទាន់អំណោយផល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយរៀបចំវិធានការជាក់ស្តែង ដើម្បីធានាសុវត្ថិភាព និងលក្ខខណ្ឌរស់នៅឲ្យបានល្អប្រសើរជាងមុន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពិចារណាលើការពង្រឹងជម្រកបណ្តោះអាសន្នដែលមានស្រាប់ ឬក្នុងករណីចាំបាច់ អាចផ្លាស់ប្តូរទីតាំងជម្រកបណ្តោះអាសន្នរបស់ជនភៀសសឹក ទៅកាន់ទីតាំងដែលមានសុវត្ថិភាព និងមានលក្ខខណ្ឌរស់នៅល្អប្រសើរជាងបច្ចុប្បន្ន។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ចំពោះជនភៀសសឹក គឺជាអាទិភាពសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការការពារ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្ន ដោយរាជរដ្ឋាភិបាលនឹងបន្តសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងធានាថាបងប្អូនជនភៀសសឹកទទួលបានការថែទាំ និងការគាំទ្រយ៉ាងសមស្រប៕



