មិនមែនជារឿងដំបូងរវាងព្រំដែនថៃនិងយោធាមីយ៉ាន់ម៉ានោះទេ ដោយព្រំដែនម៉ែសតរវាងប្រទេសទាំងពីរនេះកំពុងមានការប្រែប្រួលខ្លាំង ខណៈកងទ័ពមីយ៉ាន់ម៉ាវាយប្រហារ ជាមួយកងកម្លាំងការ៉ែន តែបែរជាគ្រាប់កាំភ្លើងត្បាល់បានធ្លាក់ចូលក្នុងទឹកដីថៃជាថ្មី ហើយប្រជាជនថៃនៅតាមព្រំដែន កំពុងស្វែងរកកន្លែងជ្រកកោនសុវត្ថិភាពដើម្បីគេចពីការផ្លោងគ្រាប់ដែលធ្លោយចូលក្នុងផ្ទះរបស់ពួកគេ។
តាមការចេញផ្សាយពី Amarin News នៅថ្ងៃទី០២ កុម្ភៈបានឲ្យដឹងថា ការប្រយុទ្ធគ្នានៅតែបន្តរវាងកងទ័ពមីយ៉ាន់ម៉ា ជាមួយទាហានសហភាពជាតិការ៉ាន (KNU) នៅភូមិមីនឡាប៉ាន ឃុំមីយ៉ាវ៉ាឌី រដ្ឋការ៉ាន ប្រទេសមីយ៉ាន់ម៉ា ទល់មុខភូមិម៉ែកូនកិន និងភូមិហួយមហាវង្ស ក្នុងឃុំមហាវ៉ាន់ ស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ។
ការប្រយុទ្ធស៊ីសាច់ហិតឈាមគ្នារវាងយោធាមីយ៉ាន់ម៉ា និងកម្លាំងការ៉ែននេះ នៅតែបន្តបាញ់ផ្លោងគ្នាមិនឈប់រហូតមកទល់នឹងពេលនេះ។ សំឡេងកាំភ្លើងខ្លាំងៗបានបន្លឺឡើងឥតដាច់ខ្សែចង្វាក់នៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ រហូតបង្ករឲ្យមានការធ្លោះធ្លោយធ្លាក់គ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ចូលក្នុងទឹកដីថៃ ស្ថិតនៅភូមិទី៩ ឃុំបានម៉ែកូនកែន ឃុំមហាវ៉ាន់។ ហេតុការណ៍នេះ អ្នកភូមិបានរកឃើញបំណែកគ្រាប់មូលនៅមុខផ្ទះរបស់ពួកគេ ដែលបង្កើតជារណ្ដៅជ្រៅប្រហែល ១០ សង់ទីម៉ែត្រ។ លើសពីនេះ ក៏មានស្នាមប្រេះនៅលើជញ្ជាំងផ្ទះរបស់ពួកគេផងដែរ។
ពេលនេះ ប្រជាជនថៃដែលរស់នៅជាប់ព្រំដែនជាប់មីយ៉ាន់ម៉ា កំពុងរស់នៅដោយការភ័យខ្លាចយ៉ាងខ្លាំង។ ពួកគេគេងមិនលក់នោះទេ រហូតត្រូវសាងសង់លេណដ្ឋានមួយនៅក្នុងផ្ទះរបស់ពួកគេ ដើម្បីគេចគ្រាប់ពីការផ្លោងរបស់មីយ៉ាន់ម៉ា។
ក្រឡេកមើលរដ្ឋាភិបាលថៃវិញ ហាក់មិនទាន់ចេញសារព្រមានក្អកទៅកាន់មីយ៉ាន់ម៉ានោះឡើយ អាចដោយហេតុថា ប្រទេសនេះកំពុងរវល់ត្រៀមខ្លួនរៀបចំការបោះឆ្នោតក្នុងប្រទេសរបស់ខ្លួនយ៉ាងមមាញឹកក៏ថាបាន៕
អត្ថបទដោយ៖ ម៉េង ធីដា





