2026-02-14 10:54
13

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយភរិយា បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី សរុបចំនួន ១៨ គ្រួសារ នៅក្នុងខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះវីរភាពរបស់យោធិនពលី ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។ វីរភាពទាំងនេះ ត្រូវបានចងចាំ និងដឹងគុណជានិច្ច។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការយកចិត្តទុកដាក់ដល់គ្រួសារយោធិនពលីទាំងអស់ លើជីវភាពរស់នៅ ការសិក្សាបន្តរបស់កូនចៅ និងការស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីបាត់បង់ជំហគ្រួសារ ក្នុងការការពារទឹកដី។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រួសារវីរជនពលីទាំងអស់ ដែលបានរួមចំណែកជាមួយជាតិ តាមរយៈវីរភាពដ៏អង់អាច ក្លាហាន ស្មោះត្រង់ និងឆន្ទៈមុះមុតរបស់សមាជិកគ្រួសារ ដើម្បីជាតិ និងប្រជាជនកម្ពុជា៕