ភ្នំពេញ៖ ប្រមុខការទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានរក្សាសន្តិភាព ស្ថិរភាព និងទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។
ផលិតផលសរុបក្នុងស្រុក (GDP) បានកើនពី ២.៧៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៤ ទៅដល់ ៤៦.៣៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤។
ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ (GDP per capita) កើនពី ៣០២ ដុល្លារអាមេរិកទៅ ២,៧១៣ ដុល្លារអាមេរិកក្នុងអំឡុងពេលដដែល។ នេះបើយោងតាមបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ លោក វ៉ាង វិនពីន កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា ម្សិលមិញនេះ។
ប្រមុខការទូតចិនប្រចាំកម្ពុជា បានអះអាងថា គ្មានអ្វីអាចបញ្ឈប់ជំហានអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាបានទេ។
ការជឿជាក់នេះផ្អែកលើការដឹកនាំរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងរដ្ឋាភិបាលដឹកនាំដោយ សម្តេច ហ៊ុន សែន និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងសម្រេចបានគោលដៅនៃការអភិវឌ្ឍជាតិ និងការស្តារឡើងវិញនៃប្រទេសកម្ពុជា។
ប្រទេសចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំក្នុងការអភិវឌ្ឍ និងស្តារឡើងវិញ ហើយនឹងនៅជាមិត្តភក្តិ និងដៃគូដ៏ទុកចិត្តរបស់កម្ពុជាជានិច្ច៕




