បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅវេលាម៉ោង ១៤និង៥៥ នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានអមដំណើរ គណៈប្រតិភូដឹកនាំដោយ នាយឧត្តមសេនីយ៍ Romeo S. Brawner Jr., អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដើម្បីចុះសួរសុខទុកជនភៀសសឹកកម្ពុជា។
ក្រុមនេះបានទៅកាន់ជំរំវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នមានប្រជាជន សរុបចំនួន ១,៥២០ គ្រួសារ ស្មើនឹង ៥,៧៣៥ នាក់។
លោកស្រីឧត្តមសេនីយ៍ម៉ាលី សុជាតា បានបញ្ជាក់ថា «ការចុះត្រួតពិនិត្យនេះអនុវត្តនៅក្នុងស្មារតីនៃខ្លឹមសារចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងពីរបានអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតា បានដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ»។
ទោះជាយ៉ាងណា រហូតដល់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមានប្រជាពលរដ្ឋ ៧៨,៣៩៣ នាក់ នៅមិនទាន់អាចវិលទៅលំនៅឋានបានវិញ ដែលក្នុងនោះមានកុមារ ២៦,៣៨៥ នាក់។
ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃ គោរពការអនុវត្តន៍សេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងសន្តិភាពដែលបានធ្វើឡើង ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕




