2026-02-14 11:36
17

លោក Lee Jae Myung ប្រធានាធិបតីនៃ សាធារណរដ្ឋកូរ៉េ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការ បញ្ជាក់ថា ក្រុមការងាររួម កម្ពុជា-កូរ៉េ ដែលបង្កើតឡើងតាមការឯកភាពរវាងលោក និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។

តាមការបញ្ជាក់ របស់ លោក Lee Jae Myung ក្រុមការងារចម្រុះនេះ បានចុះប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជនល្មើសពាក់ព័ន្ធករណីឆបោកតាមអនឡាញ ជាង ១៣០ នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែ បន្ទាប់ពីក្រុមការងារពិសេសត្រូវបានដាក់ឱ្យដំណើរការ។

លោកប្រធានាធិបតីកូរ៉េ បានលើកឡើងថា «សមិទ្ធផលនេះ កើតចេញពីឆន្ទៈរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងមោះមុតរវាងមន្ត្រីនគរបាលនៃប្រទេសទាំងពីរ ហើយបានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម»។

ជាមួយគ្នានេះ លោកក៏បានរំលឹកថា ស្ថានទូតកូរ៉េប្រចាំកម្ពុជា បានរៀបចំម្ហូបប្រពៃណី Tteok-guk (rice-cake soup) ជូនដល់ក្រុមការងាររួម ដើម្បីលើកទឹកចិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកូរ៉េ។

លោកបានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន និងកសាងអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងពីរ»៕