2026-02-14 13:21
17

ភ្នំពេញ៖ រដ្ឋាភិបាលថ្មី នៃប្រទេសថៃ ដែលដឹកនាំដោយលោក Anutin Charnvirakul បានប្រកាសជំហររឹងមាំលើបញ្ហាសន្តិសុខព្រំដែន បន្ទាប់ពីគណបក្ស Bhumjaithai ឈ្នះការបោះឆ្នោតឆ្នាំ២០២៦ ដោយទទួលបានអាសនៈ ចំនួន ១៩៣ នៅក្នុងសភាតំណាងរាស្ត្រ។

ក្រោយការបោះឆ្នោត លោក អានុធីន ដែលកាន់តួនាទីនាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរទស្សនកិច្ចទូទាំងប្រទេស ដើម្បីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរបស់ខ្លួនចំពោះការគាំទ្រដ៏ច្រើនលើសលប់។ ក្នុងសុន្ទរកថាសាធារណៈមួយ លោកបានព្រមានយ៉ាងច្បាស់មកកាន់កម្ពុជា ថា ៖ «គ្មានការដកថយ គ្មានការរុះរើ គ្មានការបើកព្រំដែនជាមួយកម្ពុជាដាច់ខាត»។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The NationThailand នៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈនេះ។

សុន្ទរកថានេះ ត្រូវបានមើលឃើញថា បង្ហាញពីគោលបំណងរបស់រដ្ឋាភិបាលថ្មីក្នុងការបន្តពង្រឹងសន្តិសុខព្រំដែន ជាពិសេសតំបន់ជាប់ព្រំដែនជាមួយកម្ពុជា ដែលធ្លាប់មានភាពតានតឹងនយោបាយ និងប្រវត្តិសាស្ត្រយូរអង្វែង។

លោក អានុធីន ក៏បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការយុទ្ធសាស្ត្រ រួមទាំងការកសាង និងពង្រឹងរបាំងព្រំដែន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ថៃ។ លោកបានអះអាងថា សន្តិសុខព្រំដែនជាអាទិភាពជាតិ ដែលមិនអាចមានការសម្របសម្រួល ឬដកថយឡើយ។

អ្ននកវិភាគព្រមានថា ជំហរដ៏តឹងរឹងនេះ អាចបង្កើនសម្ពាធទំនាក់ទំនងទ្វេភាគី ប៉ុន្តែក៏អាចជាយុទ្ធសាស្ត្រនយោបាយក្នុងស្រុក ដើម្បីបំពេញការសន្យាដល់អ្នកគាំទ្រផងដែរ។ ខណៈនេះ អ្នកជំនាញអន្តរជាតិបានអំពាវនាវឱ្យភាគីទាំងពីររក្សាការសន្ទនាតាមផ្លូវការទូត និងគោរពច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែន។

ពាក់ព័ន្ធសារព្រមានច្បាស់ៗរបស់ Anutin ជុំវិញបញ្ហាព្រំដែនជាមួយកម្ពុជា មិនទាន់មានប្រតិកម្មឆ្លើយតមពីកម្ពុជាឡើយ។ ក៏ប៉ុន្តែតាមរយៈអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងការពារ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការប្រឆាំងនឹងការរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំងយោធា។ ការងារនេះត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕