2026-02-19 09:12
13

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការបោសសម្អាត និងឈានទៅលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីប្រទេសកម្ពុជា តាមរយៈយុទ្ធនាការបង្ក្រាបទូទាំងប្រទេស។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ លោកបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំកម្ពុជា ចំនួន ២៦ ប្រទេស ព្រមទាំងតំណាង European Union (EU) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។

ក្នុងបទបង្ហាញស្តីពី “យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា” លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ហើយត្រូវបានពង្រឹងបន្ថែមក្នុងអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍ ចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដល់ដើមឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានបង្ក្រាបករណីឆបោកអនឡាញ ចំនួន ២០០ ករណី ពាក់ព័ន្ធទីតាំងប្រមាណ ២.៥០០ កន្លែង ដោយរឹបអូសបានកុំព្យូទ័រ ១០.៤៤៤ គ្រឿង និងទូរសព្ទស្មាតហ្វូន ៣៦.៤៧៦ គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងៗទៀត។ 

ជនបរទេស ជាង ៨.០០០ នាក់ ត្រូវបានអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា ខណៈទីតាំង ជាង ២០០ កន្លែង រួមទាំងកាស៊ីណូមួយចំនួន ត្រូវបានបិទខ្ទប់មិនឱ្យបន្តសកម្មភាព។

ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែ ចុងក្រោយ តុលាការកម្ពុជា បានចាត់វិធានការផ្លូវច្បាប់លើមេខ្លោង និងបក្ខពួកពាក់ព័ន្ធ ជាង ៥០០ នាក់ ខណៈសមត្ថកិច្ចបន្តសហការជាមួយដៃគូអន្តរជាតិ ដើម្បីស៊ើបអង្កេត និងវែកមុខបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ 

ដៃគូសហប្រតិបត្តិការ រួមមាន៖ សហរដ្ឋអាមេរិក, ចិន, កូរ៉េខាងត្បូង, ហ្វីលីពីន, អង្គការប៉ូលីសអន្តរជាតិ Interpol និង United Nations Office on Drugs and Crime (UNODC) ជាដើម។

លោកបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា ដើម្បីធានានិរន្តរភាពក្នុងការបង្ក្រាប កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកំណត់ទោសទណ្ឌ និងវិធានការតឹងរឹងបន្ថែម។ 

បច្ចុប្បន្ន សេចក្តីព្រាងនេះកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យអន្តរក្រសួង មុនឈានទៅអនុម័តជាផ្លូវការ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កម្ពុជាមិនមែនជាទីតាំងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ ហើយរាល់ជនពាក់ព័ន្ធនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់»។

វិធានការដែលបាន និងកំពុងអនុវត្ត ត្រូវបានរំពឹងថា នឹងជួយបង្កើនសុវត្ថិភាពឌីជីថល និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា និងក្នុងតំបន់៕