2026-02-26 09:12
24

ថៃ៖ ហួសចិត្តមែនទែន! គណបក្សនយោបាយថៃមួយ ដែលទើបបង្កើតថ្មីថ្មោង បានប្រមូលគ្នីគ្នាទាំងអស់ ដាក់ញត្តិទៅអង្គការយូណេស្កូ ប្រឆាំងការដាក់បញ្ចូលពិធីមង្គលការកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីជាការចង់បានសន្លឹកឆ្នោត និងប្រជាប្រិយភាពពីប្រជាជនថៃ។

នៅថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ 2026 វេលាម៉ោង 9:00 ព្រឹក លោក Thitiphan Keyanont មេគណបក្ស Rak Chart ដែលទើបបង្កើតថ្មី បានដឹកនាំក្រុមការងារមកពីគណបក្សរបស់លោកទាំងអស់  ដាក់លិខិតផ្លូវការជាពីរភាសាគឺភាសាអង់គ្លេស និងបារាំង ទៅកាន់អង្គការយូណេស្កូ សម្តែងពីការប្រឆាំង និងអំពាវនាវឱ្យមានការស៊ើបអង្កេតលើការស្នើសុំចុះបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ដែលចោទថាកំពុងព្យាយាមចម្លងឫសគល់ពីវប្បធម៌ដើមរបស់ថៃមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។

តាមការចេញផ្សាយពីព័ត៌មានក្នុងស្រុកថៃ បានឲ្យដឹងថា មេគណបក្សរូបនេះ កើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំង ខណៈដឹងថា កម្ពុជាបម្រុងនឹងដាក់បញ្ចូលពិធីមង្គលការខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោក Thitiphan បានបង្ហាញពីគោលជំហររបស់បក្សខ្លួនថា លោកសូមអំពាវនាវទៅកាន់អង្គការយូណេស្កូ ឱ្យពិនិត្យយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការភ័ន្តច្រឡំរវាងប្រពៃណី និងវប្បធម៌របស់ថៃនៅលើឆាកអន្តរជាតិ ដោយលោកជឿថា កម្ពុជាកំពុងប្រើសំលៀកបំពាក់ និងសិល្បៈចម្លងវប្បធម៌ថៃ ហើយកម្ពុជាក៏បានអះអាងនិងមានការបកស្រាយខុសលើទិដ្ឋភាពផ្សេងៗរបស់ថៃ រួមទាំងប្រពៃណី និងវប្បធម៌ផងដែរ។

ចំណុចសំខាន់នៃឯកសារដែលដាក់ស្នើទៅអង្គការយូណេស្កូនេះ គណបក្ស Rak Chartសង្កត់ធ្ងន់ថា ដោយសារកម្ពុជាកំពុងរៀបចំចុះបញ្ជីពិធីរៀបមង្គលការខ្មែរតាមបែបប្រពៃណីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានប្រើសំលៀកបំពាក់ និងសិល្បៈល្អិតល្អន់ត្រួតស៊ីគ្នាជាមួយវប្បធម៌ថៃ លោកជឿថា នេះអាចបង្កើតការភ័ន្តច្រឡំសម្រាប់ពិភពលោកទាក់ទងនឹង "ប្រភពដើមប្រវត្តិសាស្ត្រ" និង "អត្តសញ្ញាណវប្បធម៌" ជាពិសេស "រចនាប័ទ្មសម្លៀកបំពាក់របស់ស្តេចថៃទាំងប្រាំបី" ។ 

មេគណបក្សថៃរូបនេះបន្តអះអាងទាំងងងើលថា ក្រសួងវប្បធម៌ថៃបានចុះបញ្ជីនេះជាសម្បត្តិបេតិកភណ្ឌជាតិរួចហើយ ដោយផ្តល់ភស្តុតាងជាក់ស្តែងនៃសិល្បៈហត្ថកម្ម និងពូជពង្សច្បាស់លាស់។ 

ដូច្នេះ គណបក្សលោក ចាត់ទុកការចុះឈ្មោះរបស់កម្ពុជាទៅកាន់អង្គការយូណេស្កូថា គ្មានការពិពណ៌នាត្រឹមត្រូវ និងកំពុងរំលោភលើសេចក្តីថ្លៃថ្នូររបស់វប្បធម៌ប្រទេសថៃ។

សូមបញ្ជាក់ថា ពីធីមង្គលការខ្មែរ រួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបចំ ភ្លេង បទចម្រៀង សម្លៀកបំពាក់ ការតុបតែងខ្លួន និងធាតុផ្សំផ្សេងទៀត គឺជាវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់របស់ដូនតាខ្មែរ ដែលមានជាយូរលង់ណាស់មកហើយ ហើយប្រជាជនខែ្មរគ្រប់រូបនៅបន្តថែរក្សា អនុវត្ត និងការពារ ព្រមទាំងចាត់ទុកថា ជាពិធីមិនអាចខ្វះបានក្នុងជីវិត គូស្រករថែមទៀតផង៕