2026-02-26 14:22
18

ជាសារកម្រមួយពីមេដឹកនាំកំពូលកូរ៉េខាងជើង ទៅកាន់ទីក្រុងវ៉ាស៊ីនថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចរស់នៅក្រោមជ្រនំតែមួយបាន ប៉ុន្តែលុះត្រាតែ លោក ត្រាំ ទទួលយកថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែអាចផលិត និងពង្រីកខ្លួនបានដោយសេរី។ 

តាម BBC ចេញផ្សាយនៅថ្ងៃទី២៦ កុម្ភៈនេះបានឲ្យដឹងថា នៅឯសមាជលើកទី៩ នៃគណបក្សពលករកូរ៉េ លោក គីម ជុងអ៊ុន បានបង្ហាញពីគោលបំណងរបស់ខ្លួនទៅកាន់អាមេរិកដោយបើកចំហរថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន «គោរពជំហររបស់យើង ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ... ហើយដកគោលនយោបាយអរិភាពរបស់ខ្លួន... វាគ្មានហេតុផលណាដែលយើងមិនអាចចុះសម្រុងជាមួយសហរដ្ឋអាមេរិកបានទេ»។ 

ផ្ដល់សិទ្ធឲ្យអាមេរិកសម្រេចទាំងស្រុង គីម ជុងអ៊ុន សង្កត់ធ្ងន់ថា ស្ថានភាពអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង "ពឹងផ្អែកទាំងស្រុងលើអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន" ។ យ៉ាងណាជុំវិញ ការបើកទ្វាររង់ចាំចាប់ដៃគ្នាជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញពី លោក គីម អាមេរិកនៅមិនទាន់បង្ហាញជំហររបស់ខ្លួនបែបណាមួយដើម្បីឆ្លើយតបទៅទីក្រុងព្យុងយ៉ាងវិញនោះឡើយ។

ថ្វីបើមានការដាក់ទណ្ឌកម្មពីអន្តរជាតិជាយូរយារណាស់មកហើយក្ដី ក៏ប្រទេសកូរ៉េខាងជើងនៅតែបន្តកសាងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ដោយបានធ្វើតេស្តជាប្រចាំនូវមីស៊ីលអន្តរទ្វីបដែលត្រូវបានអន្តរជាតិហាមឃាត់។ 

តាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលជាអ្នកគិតឯករាជ្យបានប៉ាន់ប្រមាណកាលពីឆ្នាំមុនថា ប្រទេសកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល50គ្រាប់រួចទៅហើយ និងគ្រោងផលិតបន្ថែមទៀតរហូតដល់ 40 គ្រាប់ឯណោះ។ 

តាមរយៈការព្យាយាមពង្រីកអំណាចយោធានិងសព្វាវុធឥតឈប់ឈរពីមេដឹកនាំ គីម ជុង អ៊ុន ធ្វើឲ្យ KCNA សារព័ត៌មានគ្រប់គ្រងដោយរដ្ឋបានលើកសរសើរថា ក្រោមការដឹកនាំរបស់ លោក គីម ធ្វើឲ្យកូរ៉េខាងជើងមានភាពប្រសើរឡើងយ៉ាងខ្លាំង ពិសេសរារាំងពីការកើតមានសង្គ្រាម ព្រោះឥទ្ធិពលអាវុធនុយក្លេអ៊ែរជាចំណុចស្នូល អណ្ដែតឡើងបង្អួតចំកណ្ដាលប្រទេសរបស់ខ្លួន៕