2026-02-26 14:26
19

ថៃ៖ ខ្លាចអន្តរជាតិដឹងការពិត ក្រោយនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងចំៗបញ្ជាក់ច្បាស់ៗថាថៃនៅតែបំពាន និងរុលចូលជ្រៅកាន់កាប់ដីកម្ពុជាខុសច្បាប់ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ភ័យឡើងញ័រខ្លួន ប្រញាប់រៀបបង្វេចហោះទៅប្រទេសបារាំងភ្លាមៗដោយមិនបង្អង់ដំណើរឡើយ។

ឈានដល់ទឹកដីក្រុងប៉ារីសភ្លាម រដ្ឋមន្ត្រីការបរទេសថៃរូបនេះ ប្រញាប់ប្រញាល់ទៅបកស្រាយប្រាប់អគ្គនាយកអង្គការយូណេស្កូថាការលើកឡើងរបស់កម្ពុជាទាំងអស់ ជាការចោទប្រកាន់ថៃទាំងស្រុង។

តាមកាសែត Khaosod បានចេញផ្សាយនៅថ្ងៃទី២៦ កុម្ភៈនេះបានឲ្យដឹងថា ថ្លែងនៅថ្ងៃទី២៣ ខែកុម្ភៈ ពីទីក្រុងប៉ារីស ប្រទេសបារាំង លោក ស៊ីហាសាក់ បាននិយាយថា លោកបានពិភាក្សាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយ លោក Khaled Ahmed El-Enany Ali Ezz អគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅរដ្ឋធានីបារាំង។ 

បង្វែរប្រធានបទដែលសម្ដេច ហ៊ុន ម៉ាណែត បានបកអាក្រាតទង្វើឈ្លានពានរបស់យោធាថៃដែលកំពុងកាន់កាប់លើដីកម្ពុជាទាំងគឃ្លើនទៅកាន់សារព័ត៌មានអន្តរជាតិធំៗលើពិភពលោក លោក ស៊ីហាសាក់ បែរជាអះអាងថា កម្ពុជាបានចោទថៃថាបានបើកការវាយប្រហារលើប្រាសាទព្រះវិហារទៅវិញ។ 

រដ្ឋមន្រ្តីរូបនេះ សម្ដែងធ្វើតួកំសត់ថា ប្រទេសថៃមានការសោកស្តាយចំពោះឧបទ្ទវហេតុនេះ ហើយមិនចង់ឃើញព្រឹត្តិការណ៍បែបនេះកើតឡើងនោះទេ។ 

លោកព្យាយាមពន្យល់ប្រាប់អគ្គនាយកអង្គការយូណេស្កូថា ស្ថានការណ៍អាក្រក់បែបនេះរវាងកម្ពុជា-ថៃ នឹងមិនកើតឡើងទេ ប្រសិនកម្ពុជាមិនបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានប្រតិបត្តិការយោធា។

ទម្លាក់បន្ទុកលើកម្ពុជាទាំងស្រុង ទាំងដែលថៃខ្លួនឯងជាអ្នកបង្ករជម្លោះនោះ លោក Sihasak បានដាក់ការរំពឹងថា បន្ទាប់ពីការពិភាក្សាចប់រួចរាល់ លោកជឿជាក់ថា ប្រធានអង្គការ UNESCO បានយល់ពីជំហររបស់ប្រទេសថៃ ហើយមិនមានបំណងចូលខាងភាគីណាមួយឡើយ ដោយរក្សាអព្យាក្រឹតភាព។ 

លោកបានបន្ថែមថា អគ្គនាយកបានលើកទឹកចិត្តដល់ប្រទេសថៃ និងកម្ពុជាឲ្យដោះស្រាយបញ្ហានេះតាមរយៈការសន្ទនាផ្ទាល់ដែលជាជំហរស្របតាមគោលបំណងរបស់ប្រទេសថៃ៕