មន្ទីរបញ្ចកោណអាមេរិក កំពុងពិចារណាលើការផ្ទេរអាវុធមួយចំនួនដែលខ្លួនបានសន្យាឱ្យអ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ាវិញ ខណៈដែលឃ្លាំងអាវុធរបស់ទីក្រុងវ៉ាស៊ីនកំពុងចាយអាវុធជាច្រើន ដើម្បីត្រៀមទប់ទល់ជាមួយអ៊ីរ៉ង់បន្តទៀត។
យោងតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី25 ខែមីនា ដោយដកស្រង់ប្រភពចំនួនបីថា មន្ទីរបញ្ចកោណកំពុងពិចារណាផ្ទេរមីស៊ីលស្ទាក់ចាប់មួយចំនួនដែលត្រូវបានដាក់ឱ្យស្ថិតក្រោមកម្មវិធីបញ្ជីស្នើសុំអាទិភាពអ៊ុយក្រែន (PURL) ដែលបានចាប់ផ្តើមដោយណាតូកាលពីឆ្នាំមុនទៅកាន់មជ្ឈិមបូព៌ាវិញ។
តាមមន្ត្រីដែលមិនបញ្ចេញឈ្មោះចំនួនពីររូបបានបន្ថែមថា មន្ទីរបញ្ចកោណបានជូនដំណឹងដល់សភាអាមេរិកអំពីចេតនារបស់ខ្លួនក្នុងការប្រើប្រាស់ទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារពីមូលនិធិ PURL ដើម្បីបំពេញបន្ថែមឃ្លាំងស្តុកយោធារបស់សហរដ្ឋអាមេរិក ជាជាងការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន។
ប៉ុន្តែបញ្ហាខាងលើ តើបណ្តាប្រទេសនៅអឺរ៉ុបបានដឹងពីផែនការនេះឬអត់?
ក្រោយដឹងព័ត៌មាននេះ ណាតូមិនបានឆ្លើយតបអ្វីនោះទេ ហើយក៏មិនទាន់បង្ហាញប្រតិកម្មណាមួយអំពីលទ្ធភាព នៃគម្រោងបង្វែរជំនួយអាវុធរបស់អាមេរិកដើម្បីជួយអ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ាវិញនោះដែរ។
តែតាមការអះអាងពីមន្ត្រីណាតូម្នាក់បាននិយាយថា បណ្តាប្រទេសនានានឹងបន្តរួមចំណែកដល់មូលនិធិ PURL ដដែល ហើយអាវុធមួយចំនួននៅតែត្រូវបញ្ជូនទៅកាន់អ៊ុយក្រែន។
យ៉ាងណាមិញ ទោះបីជាមិនទាន់មានការសម្រេចចិត្តចុងក្រោយច្បាស់លាស់ពីអាមេរិកជុំវិញការបង្វែរអាវុធដែលត្រូវបញ្ជូនឲ្យអ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ាវិញក៏ដោយ តែតាមព័ត៌មានដែលបានបែកធ្លាយនេះ បានឆ្លុះបញ្ចាំងពីបញ្ហាដែលអាមេរិកកំពុងប្រឈម ខណៈដែលជម្លោះជាមួយអ៊ីរ៉ង់មើលមិនឃើញកោះត្រើយនៃការបញញចប់នោះទេ។
គួរឲ្យដឹងថា មកទល់ពេលនេះ យោធាអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះនៅមជ្ឈិមបូព៌ានៅតែបន្តពឹងផ្អែកលើកាំជ្រួចស្ទាក់ចាប់តម្លៃថ្លៃ ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអត្តឃាត (UAVs) ដែលមានតម្លៃថោករបស់អ៊ីរ៉ង់ដែលកំពុងប្រើប្រាស់ក្នុងជម្លោះបច្ចុប្បន្ន។
តាមការប៉ាន់ស្មាន អ៊ីរ៉ង់អាចផលិត UAVs ស៊េរី Shahed ដល់ទៅ 10,000 គ្រឿងឯណោះក្នុងមួយខែ។ ដែលតម្លៃជាមធ្យមរបស់ Shahed គឺ 35,000 ដុល្លារ ខណៈពេលដែលមីស៊ីល Patriot PAC-3 របស់អាមេរិក មានតម្លៃ 3-4 លានដុល្លារ អាស្រ័យលើកិច្ចសន្យាជាក់ស្ដែង។
បញ្ហានេះ ធ្វើឲ្យដៃគូអឺរ៉ុបរបស់អាមេរិកបានសម្តែងការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោនកំពុងចាយអាវុធរបស់ខ្លួនលឿនពេក ដែលអាចធ្វើឱ្យមានការថយចុះនូវការបញ្ជាទិញដែលមានស្រាប់ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ទីក្រុង Kyiv តាមរយៈកម្មវិធី PURL (ការការពារ ការត្រួតពិនិត្យ និងការឆ្លើយតប)៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





