ទើបប្រកាសក្ដែងៗថា នឹងគិតថ្លៃលើនាវាទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស និងដើម្បីគាបអាមេរិកឲ្យបញ្ឈប់សង្គ្រាមលើទីក្រុងតេអេរ៉ង់ ស្រាប់តែរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានអះអាងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានកាលពីថ្ងៃទី26 ខែមីនាថា យន្តហោះវាយប្រហារ A-10 និងឧទ្ធម្ភាគចក្រ AH-64 Apache របស់អាមេរិក កំពុងទម្លាក់គ្រាប់បែកដោយសេរីនៅ Hormuz ដែលបង្កការលំបាកយ៉ាងខ្លាំងសម្រាប់អ៊ីរ៉ង់ក្នុងការដាក់គ្រាប់មីននៅច្រកសមុទ្រ។
លោក Hegseth បន្តថា ពេលនេះកងទ័ពជើងទឹកអ៊ីរ៉ង់បានចុះខ្សោយដល់កម្រិតធ្ងន់ធ្ងរមួយ ដែលមិនអាចងើបឡើងធ្វើប្រតិបត្តិការដើម្បីរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ទៀតនោះទេ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកបញ្ជាក់ទៀតថា យន្តហោះវាយប្រហារ A-10 Thunderbolt II និងឧទ្ធម្ភាគចក្រ AH-64 Apache បានហោះហើរដោយសេរីពាសពេញដែនអាកាសអ៊ីរ៉ង់ រួមទាំងច្រកសមុទ្រ Hormuz ដោយមិនញញើតប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់សូម្បីតែបន្តិច ទោះបីជាយន្តហោះទាំងនោះហោះក្នុងកម្រិតទាបក៏ដោយ។
ហើយមូលហេតុនោះ ព្រោះប្រព័ន្ធការពារដែនអាកាស បញ្ជា និងប្រព័ន្ធគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់ត្រូវបានបំផ្លាញក្រោមស្នាដៃយន្តហោះចម្បាំងរបស់ទីក្រុងវ៉ាស៊ីនតោនទៅហើយ។ រីឯមេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ពេនេះក៏កំពុងលាក់ខ្លួនពួនសង្ងំ នៅក្នុងលេនដ្ឋានក្រោមដីផងដែរ។
តាមការលម្អិតបន្ថែមពី លោក Hegseth បាននិយាយថា រឿងដែលគួរឲ្យចាប់អាម្មណ៍លើការវាយប្រហារនេះគឺ យោធាអ៊ីស្រាអែលក៏បានសម្លាប់មេបញ្ជាការកងទ័ពជើងទឹករបស់អ៊ីរ៉ង់ លោក អាលីរ៉េហ្សា តាំងស៊ីរី ដែលទទួលបន្ទុកបិទច្រកសមុទ្រ Hormuz ដូចគ្នា។
ដូច្នេះច្រកសមុទ្រហ័រមូសពេលនេះ មិនមែនជាច្រកទ្វារមរណៈទៀតទេសម្រាប់នាវាទាំងឡាយដែលធ្វើដំណើរឆ្លងកាត់។
ការអះអាង និងប្រកាសច្បាស់ៗបែបនេះពីអាមេរិក ចាំមើលបន្តថា តើអ៊ីរ៉ង់នឹងប្រើយុទ្ធសាស្រ្តគៀបសង្កត់បែបណាទៀតទៅលើច្រកសមុទ្រហ័រមូស?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





