2026-03-28 13:19
7

ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តែងការខកចិត្តខ្លាំង ដែលណាតូជាសម្ព័ន្ធរបស់ខ្លួនមិនបានបញ្ជូនកងទ័ពទៅកាន់ច្រកសមុទ្រ Hormuz ។ 

លោក ដូណាល់ ត្រាំ ស្រែកគំហកឲ្យណាតូថា ប្រសិនអាមេរិកបង្ហាញទង្វើបែបនេះវិញ កុំត្អូនត្អែរឲ្យសោះ ព្រោះវ៉ាស៊ីនតោនអាចនឹងធ្វើដូចគ្នាប្រសិនបើអឺរ៉ុបត្រូវការជំនួយ។

លោក ត្រាំ បាននិយាយពាក្យយ៉ាងមុតស្រួចទៅកាន់ណាតូថា " យើងចំណាយរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ NATO ដើម្បីការពារពួកគេ និងតែងតែត្រៀមខ្លួនជួយពួកគេជានិច្ច។ 

ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកលើសកម្មភាពរបស់ពួកគេ ខ្ញុំគិតថាយើងមិនចាំបាច់ធ្វើបែបនោះទៀតទេមែនទេ?"។ 

ប្រធានាធិបតីអាមេរិកបន្តដោយប្រើពាក្យមួយឃ្លាយ៉ាងចាក់ដោតថា «ហេតុអ្វីយើងគួរជួយគេពេលគេមិននៅជាមួយយើង?» 

ចាប់តាំងពីជម្លោះមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីថ្ងៃទី28 ខែកុម្ភៈ លោក Trump បានសម្តែងការខកចិត្តម្តងជាពីរដងចំពោះណាតូ ព្រោះសម្ព័ន្ធមិត្តមួយនេះតែងតែបដិសេធមិនព្រមជួយដាក់ពង្រាយកងកម្លាំងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញដែលកំពុងត្រូវបានរារាំងដោយអ៊ីរ៉ង់នោះទេ។ 

រីឯជប៉ុន និងសមាជិកអង្គការណាតូចំនួនប្រាំផ្សេងទៀតដូចជាចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ពួកគេគ្រាន់តែបង្ហាញឆន្ទៈ ប៉ុណ្ណោះ ប៉ុន្តែមិនបានធ្វើការប្តេជ្ញាចិត្តណាមួយក្នុងការបញ្ជូននាវាដើម្បីជួយអាមេរិកឲ្យបើកច្រកសមុទ្រហ័រមូសឡើងវិញឡើយ។ 

ដូច្នេះជាលទ្ធផល ភាពជាប់គាំងនៅ Hormuz បានជំរុញឱ្យតម្លៃថាមពលពិភពលោកកើនឡើងយ៉ាងគំហុកតែម្ដង។

សូមបញ្ជាក់ឡើងវិញថា ប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump តែងតែរិះគន់អង្គការណាតូម្តងហើយម្តងទៀត ហើយប្រធានាធិបតីរូបនេះថែមទាំងបានស្នើថា អាមេរិកគួរតែពិចារណាឡើងវិញអំពីសមាជិកភាពរបស់ខ្លួននៅក្នុងអង្គការណាតូថែមទៀតផង។ 

មិនតែប៉ុណ្ណោះកាលពីថ្ងៃទី26 ខែមីនា កន្លងទៅ លោក ត្រាំ បានស្ដីបន្ទោសនិងប្រើពាក្យធ្ងន់ៗទៅណាតូថា អង្គការនេះមិនធ្វើអ្វីទាល់តែសោះ ដើម្បីជួយប្រទេសដែលរងការបំផ្លិចបំផ្លាញដោយយោធារបស់អ៊ីរ៉ង់។ 

លោកក៏បានដាក់ការសង្ស័យថា តើណាតូមានតួនាទីអ្វីឲ្យប្រាកដក្នុងការជួយពិភពលោក?
 
លោក ត្រាំ សង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន មិនត្រូវការអ្វីទាំងអស់ពីណាតូ។ ចុងក្រោយ លោក ត្រាំ បានផ្ញើពាក្យមួយម៉ាត់ទៅកាន់ណាតូថា អង្គការនេះគឺ "កំសាក" ណាស់៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា