គម្រាមភ្លាមធ្វើភ្លាម មិនចាំយូរឡើយ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា បានវាយប្រហារមជ្ឈមណ្ឌលទិន្នន័យ Amazon និង Oracle នៅឈូងសមុទ្រ ដើម្បីសងសឹកអាមេរិកចំពោះការធ្វើឃាតមេដឹកនាំខ្លួនជាបន្តបន្ទាប់។
តាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃទី2 ខែមេសាថា បញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទីតាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកចំនួនពីរនៅឈូងសមុទ្រ រួមទាំងមជ្ឈមណ្ឌលកុំព្យូទ័រ Amazon នៅប្រទេសបារ៉ែន និងក្រុមហ៊ុន Oracle នៅឌូបៃ ប្រទេសអារ៉ាប់រួម (UAE) ផងដែរ។
ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បន្តថា ការបំផ្លាញក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះគ្រាន់តែជាការព្រមានប៉ុណ្ណោះ ហើយពួកគេនឹងពង្រីកការវាយប្រហារបន្តទៀត ប្រសិនបើអាមេរិកនៅតែចិញ្ចឹមចិត្តចង់ធ្វើឃាតមេដឹកនាំខ្លួនបន្តកន្ទុយគ្នាមិនឈប់។
លោក Ebrahim Zolfaqari អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្តាលរបស់ លោក Khatam al-Anbiya នៃយោធាអ៊ីរ៉ង់ បានបន្ថែមថា មិនត្រឹមតែ Amazon និង Oracle ប៉ុណ្ណោះទេ ប៉ុន្តែការវាយប្រហារនេះក៏បានផ្ដោតលើរោងចក្រដែកថែបរបស់អាមេរិកនៅទីក្រុង Abu Dhabi, រោងចក្រអាលុយមីញ៉ូមនៅបារ៉ែន និងរោងចក្រផលិតអាវុធដែលជាកម្មសិទ្ធិក្រុមហ៊ុន Rafael របស់អ៊ីស្រាអែលផងដែរ។ លោក Zolfaqari បានលើកហេតុផលថា វាជាការសងសឹកចំពោះការវាយប្រហារ ជាបន្តបន្ទាប់របស់អាមេរិក និងអ៊ីស្រាអែល ដែលហ៊ានកំណត់គោលដៅលើឧស្សាហកម្មដែករបស់អ៊ីរ៉ង់ដូចគ្នា។
យ៉ាងណាមិញ តាមរយៈការអះអាងរបស់អ៊ីរ៉ង់ខាងលើ មន្ត្រីឌូបៃក៏បានធ្វើការបដិសេធចំពោះរបាយការណ៍ដែលអះអាងថាមជ្ឈមណ្ឌលទិន្នន័យ Oracle ត្រូវបានវាយប្រហារ។ តាមកាសែត Financial Times ដែលដកស្រង់ប្រភពដឹងពីបញ្ហានេះ បានបង្ហាញឱ្យដឹងថា មជ្ឈមណ្ឌលកុំព្យូទ័ររបស់ Amazon នៅប្រទេសបារ៉ែនពិតជាត្រូវបានខូចខាតនៅក្នុងការវាយប្រហារពិតមែន។ តែក្រុមហ៊ុន Amazon បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនោះទេ។
យ៉ាងណាក៏ដោយ ជម្លោះរវាងអាមេរិក អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ កំពុងប្រថុយនឹងការហៀរចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចនៃតំបន់ឈូងសមុទ្រហើយ។ ព្រោះកាលពីថ្ងៃទី31 ខែមីនា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានគំរាមកំណត់គោលដៅក្រុមហ៊ុនអាមេរិកចំនួន17 ដែលកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ាដែលរួមមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា៖ Apple, Microsoft, Google, Meta, IBM, HP, Intel, Tesla, Boeing និងស្ថាប័នហិរញ្ញវត្ថុ JP Morgan ផងដែរ។
ហើយមិនមែនស្រែកសម្លុតអាមេរិកតែមាត់ទេ នៅថ្ងៃទី០២ មីនា អ៊ីរ៉ង់ពិតជាបានបើកការវាយប្រហារក្រុមហ៊ុនទាំងនេះប្រាកដមែន។
យោងលើការវាយតម្លៃដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ព្រមានថា ជម្លោះនៅអ៊ីរ៉ង់អាចមានឥទ្ធិពលសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅទូទាំងមជ្ឈិមបូព៌ា ដោយផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអារ៉ាប់ក្នុងតំបន់អាចនឹងធ្លាក់ចុះដល់ទៅ 6% ឯណោះ។
របាយការណ៍នេះបានប៉ាន់ប្រមាណបន្ថែមថា ចំពោះការខាតបង់សេដ្ឋកិច្ចវិញអាចហក់ឡើងចន្លោះពី 120 ពាន់លានដុល្លារទៅ 194 ពាន់លានដុល្លារដោយសារតែការរំខាននៅក្នុងលំហូរថាមពល ផ្លូវពាណិជ្ជកម្ម និងទីផ្សារហិរញ្ញវត្ថុ។
ចំណែកមនុស្សប្រហែល 4លាននាក់ប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ នៅពេលដែលតម្លៃថាមពល និងអាហារកើនឡើងដូចគ្នា។
ចំពោះអ៊ីរ៉ង់អាចប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចរហូតដល់ 10% ដោយមនុស្សរាប់លាននាក់នឹងរងផលប៉ះពាល់ដោយសារហេដ្ឋារចនាសម្ព័ន្ធថាមពល និងសកម្មភាពពាណិជ្ជកម្មត្រូវបានរំខានផងដែរ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





