វ៉ាស៊ីនតោន៖ អំឡុងពេលដែលអ៊ីរ៉ង់អង្គុយញញឹមយ៉ាងរំភើយ ក្រោយបើកប្រតិបត្តិការវាយប្រហារលើក្រុមហ៊ុន Amazon និង Oracle របស់អាមេរិកនៅមជ្ឈិមបូព៌ា ស្រាប់តែ លោក Trump បានបង្ហាញការអបអរសាទរយ៉ាងអធឹកអធម ទៅលើការបំផ្លាញស្ពានដ៏ធំមួយនៅជិតទីក្រុង Tehran កាលពីថ្ងៃទី2 ខែមេសា។ មេដឹកនាំអាមេរិករូបនេះក៏ឆ្លៀតភ្ជាប់សារព្រមានយ៉ាងព្រឺសម្បុរមួយទៅកាន់អ៊ីរ៉ង់ថា នឹង«មានរឿងជាច្រើនទៀតដែលត្រូវតាមដាន»។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍ថា យោធាអាមេរិកបានបើកការវាយប្រហារពីរលើក ក្នុងគោលដៅបំផ្លាញស្ពានឲ្យខូចខាត។
រីឯសារព័ត៌មាន Fars News វិញក៏បានរាយការណ៍ដែរថា ការវាយប្រហារលើស្ពាន B1 ស្ថិតនៅចន្លោះរវាងទីក្រុង Tehran និងទីក្រុង Karaj ដែលបានសម្លាប់មនុស្ស 8នាក់ និងរបួស 95នាក់។
តាមប្រភពពីមន្ត្រីយោធាអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបង្ហើបថា កងកម្លាំងអាមេរិកបានវាយប្រហារស្ពាននេះ ក្នុងបំណងចង់លុបបំបាត់ផ្លូវផ្គត់ផ្គង់យោធាដែលបានគ្រោងទុកសម្រាប់កងកម្លាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ ប៉ុន្តែយោងតាម Mehr ដែលជាទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានបញ្ជាក់ថា ការអះអាងរបស់មន្រ្តីអាមេរិកខាងលើគឺមិនមែនជារឿងពិតទេ។
ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា «ស្ពាន B1 មិនទាន់ត្រូវបានសម្ពោធនៅឡើយទេ»។ ដូច្នេះការអះអាងថា B1 ជាផ្លូវប្រើសម្រាប់ផ្គត់ផ្គង់សកម្មភាពយោធាគឺជារឿងមិនត្រឹមត្រូវទាំងស្រុង។
តាមការលើកឡើងពីអ្នកជំនាញមួយចំនួនក្នុងច្បាប់ជម្លោះប្រដាប់អាវុធបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសមួយ អាចត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធនោះត្រូវបានប្រើប្រាស់ដោយយោធា ឬដើរតួនាទីក្នុងប្រតិបត្តិការយោធា។
ប៉ុន្តែភាពស្របច្បាប់នេះនឹងប្រែប្រួលទៅតាមករណីនីមួយៗ។ យោងលើការយល់ខឃើញរបស់ លោក Brian Finucane អតីតមេធាវីក្រសួងការបរទេស ដែលមានជំនាញខាងច្បាប់ជម្លោះប្រដាប់អាវុធ បានបំភ្លឺបន្ថែមថា “ថាតើស្ពាននេះជាគោលបំណងយោធាស្របច្បាប់ឬអត់នោះ វាអាស្រ័យលើការពិត”។
លោក Finucane យល់ឃើញថា ការវាយប្រហាររបស់អាមេរិក ទៅលើស្ពានដ៏ធំរបស់អ៊ីរ៉ង់ ត្រូវបានកំណត់គោលដៅមិនមែនព្រោះតែវាផ្តល់អត្ថប្រយោជន៍យោធាណាមួយនោះទេ ប៉ុន្តែក្នុងបំណងបង្ខំដាក់សម្ពាធទីក្រុងតេអេរ៉ង់ និងដើម្បីតែបង្កើតព័ត៌មានសម្រាប់ផ្សព្វផ្សាយប៉ុណ្ណោះ។
តាមការដកស្រង់ប្រភពពីសារព័ត៌មាន The Straits Times នៅថ្ងៃទី០៣ មេសា នេះបានឲ្យដឹងថា លោក Trump បានគំរាមបំផ្លាញរោងចក្រថាមពលទាំងអស់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់អ៊ីរ៉ង់ ប្រសិនបើមេដឹកនាំប្រទេសនេះនៅតែរឹងទទឹងមិនព្រមលើកិច្ចព្រមព្រៀងសន្តិភាព រួមទាំងបញ្ចប់ការបិទច្រកសមុទ្រ Hormuz ទេនោះ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





