2026-04-04 12:21
17

កាសែត NY Times ដែលដកស្រង់របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក បង្ហាញថា អ៊ីរ៉ង់អាចស្តារឡើងវិញនូវប្រព័ន្ធមីស៊ីលក្រោមដីបានយ៉ាងឆាប់រហ័ស ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរងការវាយប្រហារ។

ការបង្ហាញរបាយការណ៍សម្ងាត់ខាងលើ ក្រោយមន្ទីរបញ្ចកោណបាននិយាយនៅសប្តាហ៍នេះថា យោធាអាមេរិកបានធ្វើការវាយប្រហារលើគោលដៅក្នុងប្រទេសអ៊ីរ៉ង់ច្រើនជាង 11,000 គិតត្រឹមរយៈពេល 5សប្តាហ៍ចុងក្រោយនេះ។ 

ក្នុងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth ក៏បានបញ្ជាក់បន្ថែមថា ត្បិតតែអ៊ីរ៉ង់នៅមានសមត្ថភាពបាញ់មីស៊ីលបានក៏ពិតមែន ប៉ុន្តែសមត្ថភាពយោធាប្រទេសនេះបានថយចុះយ៉ាងច្បាស់ ហើយយោធាទាំងនោះក៏កំពុងស្ថិតក្រោមសមត្ថភាពយោធារបស់អាមេរិកផងដែរ។ 

យោងតាមសេតវិមាន ការវាយប្រហារដោយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានថយចុះដល់ទៅ 90%ឯណោះ បើប្រៀបធៀបទៅនឹងការចាប់ផ្តើមដំបូងនៃសង្គ្រាម ខណៈដែលកន្លែងផលិត និងសមត្ថភាពកងទ័ពជើងទឹកជាច្រើនរបស់ទីក្រុងតេអេរ៉ង់ក៏ត្រូវបានបំផ្លាញ និងចុះខ្សោយដំណាលគ្នា។ 

តាមការកត់សម្គាល់របស់មន្ត្រីអាមេរិកយល់ឃើញថា អ៊ីរ៉ង់បាញ់មីស៊ីលផ្លោងប្រមាណ ១៥-៣០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ៥០-១០០ គ្រឿងប៉ុណ្ណោះក្នុងមួយថ្ងៃ។

ទោះជាមានការយល់ឃើញបែបនេះក្ដី តែសមត្ថភាពយោធារបស់ទីក្រុងតេអេរ៉ង់បច្ចុប្បន្នកំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ តាមរបាយការណ៍ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដែលបង្ហាញតាមរយៈកាសែត NY Times មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជឿថា អ៊ីរ៉ង់នៅតែរក្សាបាននូវមីស៊ីលជាច្រើន ដែលវាគ្រប់គ្រាន់ក្នុងការបន្តវាយប្រហារអ៊ីស្រាអែល និងគោលដៅផ្សេងទៀតនៅក្នុងតំបន់ជម្លោះ ប្រសិនបើការប្រយុទ្ធនៅតែបន្ត។ 

កាសែតនេះបញ្ជាក់ថា អ៊ីរ៉ង់អាចនឹងកំពុងសង្ងំផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយរក្សាទុកផ្នែកដ៏ធំនៃកាំជ្រួចមីស៊ីលរបស់ខ្លួននៅក្នុងលេណដ្ឋានក្រោមដី និងរូងភ្នំ ដើម្បីជៀសវាងការរកឃើញ។ 

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកវាយតម្លៃថា កងកម្លាំងអ៊ីរ៉ង់មានសមត្ថភាពក្នុងការបោសសម្អាតបន្ទាយក្រោមដី និងបន្ទប់មីស៊ីលដែលកប់ដោយគ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែលយ៉ាងឆាប់រហ័ស។ 

របាយការណ៍ខាងលើសង្កត់ធ្ងន់ថា ប្រព័ន្ធកាំជ្រួចទាំងនោះអាចនឹងត្រូវបាននាំចូលក្នុងការប្រយុទ្ធវិញត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារ។ ជាក់ស្តែង ការវាយតម្លៃឲ្យបានត្រឹមត្រូវពីសមត្ថភាពយោធាដែលនៅសល់របស់អ៊ីរ៉ង់ គឺជារឿងពិបាកខ្លាំង ព្រោះប្រទេសនេះប្រើយុទ្ធសាស្ត្រច្រើនដូចជា បង្កើតគោលដៅក្លែងក្លាយ (មូលហេតុឲ្យសត្រូវច្រឡំ), បំបែកទីតាំងបាញ់មីស៊ីលទៅកន្លែងផ្សេងៗ និងលាក់នៅតំបន់ភ្នំធំៗជាដើម។ 

សូម្បីតែអាមេរិកក៏មិនអាចបញ្ជាក់ច្បាស់បានដែរថា ក្នុងចំណោមគោលដៅជាង១១,០០០ ដែលខ្លួនបានវាយប្រហារកន្លងមក មានប៉ុន្មានជាគោលដៅពិត និងប៉ុន្មានជាកន្លែងបាញ់មីស៊ីលដែលនៅតែដំណើរការក្នុងបន្ទប់ក្រោមដី។ 

តាមរបាយការណ៍របស់ CNN នៅថ្ងៃទី២ មេសា ដោយយោងតាមប្រភព៣ ដែលយល់ដឹងពីស្ថានការណ៍បានឲ្យដឹងថា ការវាយតម្លៃចុងក្រោយដោយសម្ងាត់របស់អាមេរិកបង្ហាញថា អ៊ីរ៉ង់នៅតែអាចរក្សាសមត្ថភាពយោធាសំខាន់ៗមួយចំនួនរបស់ពួកគេបានដដែល។ 

ព្រោះប្រហែល៥០% នៃទីតាំងបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកអត្តឃាតរាប់ពាន់គ្រឿង (UAV) នៅតែអាចដំណើរការបានធម្មតា។ 

ប្រភពដដែលសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់នៅតែមានមីស៊ីលប្រឆាំងនាវាច្រើន ដែលមិនទាន់ត្រូវបានបំផ្លាញ ព្រោះអាមេរិកមិនបានផ្តោតវាយប្រហារលើអាវុធការពារតំបន់ឆ្នេរទាំងនោះទេ។ 

មីស៊ីលប្រឆាំងនាវាទាំងនេះ គឺជាអាវុធសំខាន់សម្រាប់អ៊ីរ៉ង់ក្នុងការប្រើដើម្បីគ្រប់គ្រងចរាចរណ៍នាវានៅច្រកសមុទ្រ Hormuz។ 

ដូចនេះ គោលបំណងដ៏ធំរបស់អ៊ីរ៉ង់គឺរក្សាកម្លាំងទប់ស្កាត់សត្រូវ ប្រសិនបើសង្គ្រាមបន្តអូសបន្លាយ ហើយក៏អាចប្រើសម្ពាធបន្តបន្ទាប់ដើម្បីបង្ខំសត្រូវផងដែរ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ សង្គ្រាមកំពុងឈានចូលសប្តាហ៍ទី៦ហើយ ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង ៣,០០០ នាក់ និងមិនទាន់មានសញ្ញាបញ្ជាក់ថាសង្គ្រាមមជ្ឈិមបូព៌ានឹងបញ្ចប់នៅពេលណាមួយឡើយ៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា