2026-04-04 13:42
14

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃទី៣ មេសា ថា យន្តហោះចម្បាំង F-15E មួយគ្រឿង ត្រូវបានបាញ់ធ្លាក់នៅភាគនិរតីអ៊ីរ៉ង់ ក្នុងនោះអ្នកបើកយន្តហោះ២នាក់បានលោតចេញពីយន្តហោះយ៉ាងរហ័សជាមួយឆ័ត្រយោងដើម្បីគេចខ្លួន។ 

ក្រោយកើតហេតុ កងទ័ពអាមេរិកបានចាប់ផ្តើមប្រតិបត្តិការយ៉ាងធំ ដើម្បីស្វែងរកនិងសង្គ្រោះអ្នកបើកយន្តហោះទាំងពីរ ដែលក្រោយមកកងកម្លាំងពិសេសអាមេរិកក៏បានជួយសង្គ្រោះអ្នកបើកយន្តហោះម្នាក់ជោគជ័យ។ 

ប៉ុន្តែអ្នកបើកម្នាក់ទៀត ស្ថិតក្នុងការបាត់ខ្លួននៅឡើយ ដែលត្រូវបានសន្និដ្ឋានថា អាចកំពុងលាក់ខ្លួនដើម្បីគេចពីកងកម្លាំងអ៊ីរ៉ង់ ខណៈរង់ចាំការជួយសង្គ្រោះមកដល់។

តាមអ្នកជំនាញបានឲ្យដឹងថា ជាទូទៅអ្នកបើកយន្តហោះចម្បាំងអាមេរិកត្រូវបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងតឹងរឹង សម្រាប់ការពារស្ថានការណ៍អាក្រក់ណាមួយកើតឡើង អំឡុងពេលយន្តហោះចម្បាំងត្រូវបានសត្រូវវាយប្រហារ ឬរងការខូចខាតណាមួយជាយថាហេតុ ដែលតម្រូវឲ្យអ្នកបើកបរទាំងនោះត្រូវរៀនពីរបៀបចាកចេញពីយន្តហោះ។ ពួកគេមិនត្រឹមតែរៀនពីរបៀបលោតចុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនពីរបៀបយករួចខ្លួន នៅពេលស្ថិតក្នុងដែនដីសត្រូវផងដែរ។

យោងតាម លោក Cantwell មានបទពិសោធន៍ហោះហើរនិងប្រយុទ្ធប្រហែល 400 ម៉ោងលើយន្តហោះចម្បាំងបានអះអាងថា អ្នកបើកយន្តហោះអាមេរិកត្រូវបានបណ្តុះបណ្តាលដោយយោងលើវិធីសាស្រ្តបួនជំហាន ដើម្បីបង្កើនឱកាសនៃការរស់រានមានជីវិត និងចេះជួយសង្គ្រោះខ្លួនឯងអំឡុងពេល យន្តហោះត្រូវបានបាញ់ធ្លាក់ក្នុងទឹកដីរបស់សត្រូវ។ ដែលវិធីសាស្រ្តនេះហៅថា SERE។

SERE ជាអក្សរកាត់ដែលមកពីពាក្យដូចជា៖ S = Survival (រស់រានមានជីវិត), E = Evasion (គេចខ្លួនពីសត្រូវ), R = Resistance (ទប់ទល់ពេលត្រូវចាប់ខ្លួន) និង E = Escape (រត់គេចចេញ)។

ជំហានទី១៖ Survival (រស់រានមានជីវិត) អ្នកបើកយន្តហោះត្រូវរៀន៖ រកអាហារ និងទឹក, សង់ជំរក, ព្យាបាលរបួស និងត្រូវរៀនសម្របខ្លួនរស់នៅក្នុងបរិស្ថានលំបាកដូចជាក្នុង (ព្រៃ ភ្នំ ឬវាលខ្សាច់ជាដើម)។ 

និយាយឲ្យងាយយល់៖ អ្នកបើកយន្តហោះអាមេរិកត្រូវរៀនរស់ឲ្យបាន ទោះគ្មានជំនួយក៏ដោយ។ ជំហានទី២៖ Evasion (គេចខ្លួនពីសត្រូវ) ពួកគេត្រូវរៀន៖លាក់ខ្លួន ,ដើរតាមផ្លូវដែលមិនឲ្យសត្រូវរកឃើញ, ប្រើផែនទី និងទិសដៅ និងជៀសវាងការតាមដានពីសត្រូវ។ ជំហាននេះមានន័យថា ត្រូវធ្វើយ៉ាងណាកុំឲ្យសត្រូវចាប់បាន។ 

ជំហានទី៣៖ Resistance (ទប់ទល់ពេលត្រូវចាប់) បើសត្រូវចាប់បាន៖ មិនត្រូវបង្ហាញព័ត៌មានសម្ងាត់, រក្សាចិត្តឲ្យរឹងមាំ និងប្រើវិធីសាស្ត្រដើម្បីរស់នៅក្នុងការចាប់ខ្លួន។ ជំហាននេះមានន័យថា ទោះសត្រូវចាប់បានក៏ដោយ ដាច់ខាតមិនឲ្យសត្រូវទទួលបានព័ត៌មានសម្ងាត់នោះទេ។ 

ជំហានទី៤៖ Escape (រត់គេចចេញវិញ) យោធាទាំងនោះត្រូវរៀន៖ រកឱកាសរត់គេច, ទាក់ទងក្រុមសង្គ្រោះ និងត្រឡប់មកជំរុំកងទ័ពវិញ។ មានន័យថា អំឡុងពេលសត្រូវចាប់ខ្លួន ត្រូវរកវិធីគេច និងត្រឡប់មកជួរទ័ពវិញដោយសុវត្ថិភាព។

សរុបឲ្យខ្លី វិធីសាស្រ្ត SERE គឺបង្រៀនអ្នកបើកយន្តហោះអាមេរិកឲ្យរៀនរស់ លាក់ខ្លួន ទប់ទល់ និងរត់គេច ក្នុងស្ថានការណ៍ដែលយន្តហោះចម្បាំងត្រូវបានសត្រូវបាញ់ទម្លាក់ ឬខូចខាតអំឡុងពេលប្រយុទ្ធ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា