2026-04-11 09:55
20

ប្រកាសទាំងភាពជឿជាក់ ទោះបីត្រូវប្រថុយនឹងគ្រោះថ្នាក់ក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្រែកបង្អួតពិភពលោកយ៉ាងស្វាហាប់ថា ច្រកសមុទ្រហ័រមូសនឹងបើកឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

លោក Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានរួម Andrews នៅថ្ងៃទី 10 ខែមេសាថា អាមេរិកនឹងប្រឹងប្រែងដើម្បីបើកច្រក Hormuz ឡើងវិញ បើទោះបីជាវាមិនងាយស្រួលក៏ដោយ។ 

លោក ត្រាំ បង្ហើបថា មានប្រទេសមួយចំនួនបានស្នើជួយដែរ ប៉ុន្តែលោកមិនទាន់ប្រាប់ថាមានប្រទេសណាខ្លះទេ។ 

“ប្រទេសផ្សេងៗក៏ប្រើច្រកសមុទ្រនេះដែរ ដូច្នេះមានប្រទេសខ្លះកំពុងចូលរួម ហើយពួកគេនឹងជួយផងដែរ។ ខ្ញុំបានប្រាប់ថា រឿងនេះមិនងាយស្រួលទេ ប៉ុន្តែយើងនឹងបើកច្រកសមុទ្រវិញឆាប់ៗនេះ”។ នេះជាការអះអាងរបស់ប្រធានាធិបតីអាមេរិក។ លើសពីនេះ មេដឹកនាំអាមេរិករូបនេះក៏បានបន្ថែមថា ចំណុចសំខាន់បំផុតក្នុងការចរចាជាមួយអ៊ីរ៉ង់ គឺការកំណត់កម្រិតសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសនោះ។ 

លោក ត្រាំ សង្កត់ធ្ងន់ថា មិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទេ នេះគឺជាចំណុចសំខាន់ប្រហែល 99% នៃកិច្ចព្រមព្រៀងទាំងមូល។

កាលពីថ្ងៃទី៨ មេសា កន្លងទៅ អ៊ីរ៉ង់ បានយល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ២សប្ដាហ៍ជាមួយអាមេរិក។ 

ប៉ុន្តែនាវាដែលឆ្លងកាត់គ្មានសេរីភាពដូចមុនទេ ពោលនឹងស្ថិតក្រោមការត្រួតពិនិត្យរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ហើយត្រូវតែគោរពតាម "វិធានការបច្ចេកទេស" ជាក់លាក់របស់ពួកគេ។ 

ទីក្រុងតេអេរ៉ង់បានប្រាប់ លោក ត្រាំ ថា ខ្លួននឹងកំណត់ចំនួននាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ចំនួនដប់បួនគ្រឿងប៉ុណ្ណោះក្នុងមួយថ្ងៃ។ លើសពីនេះ ទីក្រុងតេអេរ៉ង់ តម្រូវឱ្យនាវាដឹកទំនិញយល់ព្រមជាមុនសិនលើថ្លៃដឹកជញ្ជូន ដែលត្រូវបង់ជារូបិយប័ណ្ណគ្រីបតូ ឬប្រាក់យ័ន។ 

រីឯថ្លៃសេវាអាស្រ័យលើទំហំនៃនាវា រួមបញ្ចូលទាំងថ្លៃដឹកជញ្ជូនជាមូលដ្ឋាន ការការពារសុវត្ថិភាព និងដំណើរការរដ្ឋបាល។

ទោះជាយ៉ាងនេះក្ដី ការដឹកជញ្ជូនប្រេងតាមផ្លូវសមុទ្រហ័រមូសនៅតែស្ថិតក្នុងភាពជាប់គាំងដដែល ព្រោះខ្វះការណែនាំឲ្យបានច្បាស់លាស់ពីទីក្រុង Tehran ។ នេះបើតាមការរាយការណ៍ពី CNN។ 

យោងតាមទិន្នន័យតាមដានដែនសមុទ្រដែលប្រមូលបានកាលពីថ្ងៃទី9 ខែមេសា ដកស្រង់ដោយ AFP មានតែនាវាចំនួន10 ប៉ុណ្ណោះដែលបានឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅមជ្ឈិមបូព៌ា៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា