2026-04-11 12:04
17

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងត្រៀមដឹកដៃគ្នាទៅប៉ាគីស្ថានដើម្បីចរចាដោះស្រាយជម្លោះរបស់ពួកគេ ប៉ុន្តែការខ្វែងគំនិតគ្នា រួមទាំងលក្ខខណ្ឌទាមទារកម្រិតខ្ពស់ពេក នៅតែជាឧបសគ្គចម្បង ដែលធ្វើឲ្យកិច្ចព្រមព្រៀងកាន់តែមានភាពផុយស្រួយ។

ប៉ាគីស្ថាន កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង ខណៈដែលអាមេរិក និងអ៊ីរ៉ង់បានបញ្ជាក់ថា គណៈប្រតិភូនៃប្រទេសពួកគេនឹងមកដល់ទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad) ចុងសប្តាហ៍នេះ ដើម្បីចរចាគ្នាបញ្ឈប់សង្គ្រាម។ 

បន្ទាប់ពីសំណើរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif អាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍នៅថ្ងៃទី7 ខែមេសា ដោយជាគន្លឹះជួយត្រួសត្រាយផ្លូវសម្រាប់ការបន្តកិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រទេសនេះ។

ហេតុអ្វីប៉ាគីស្ថាន សាកសមជាប្រទេសជួយសម្របសម្រួលជម្លោះអាមេរិក និងអ៊ីរ៉ង់? មូលហេតុចម្បងនៅពីក្រោយនោះ ព្រោះប៉ាគីស្ថានជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលមានទំនាក់ទំនងល្អទាំងជាមួយអាមេរិក និងអ៊ីរ៉ង់ ដូច្នេះការរើសប្រទេសនេះជាអាជ្ញាកណ្ដាល ជារឿងត្រឹមត្រូវបំផុត។

ងាកមើលពីការចរចាវិញ តើមានដំណើរការដោយរបៀបណា?

ខុសប្លែកពីគូបដិបក្ខដទៃ តាមការគ្រោងទុក ដំណាក់កាលដំបូង គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នឹងអង្គុយនៅក្នុងបន្ទប់ពីរដាច់ដោយឡែកពីគ្នា ខណៈដែលមន្ត្រីប៉ាគីស្ថាននឹងទទួលខុសត្រូវចំពោះការបញ្ជូនសាររវាងភាគីទាំងពីរ។
 
ក្នុងនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Sharif នឹងចូលខ្លួនធ្វើជាប្រធានកិច្ចពិភាក្សា បន្ទាប់មកលោកនឹងបើកកិច្ចប្រជុំបឋមជាមួយភាគីនីមួយៗដាច់ដោយឡែក នៅថ្ងៃទី10 ខែមេសា ឬព្រឹកព្រលឹមថ្ងៃទី11 ខែមេសា អាស្រ័យលើពេលដែលគណៈប្រតិភូនៃភាគីទាំងពីរមកដល់ទីតាំងចរចាប៉ុណ្ណោះ។

អនុប្រធានាធិបតី JD Vance តំណាងភាគីអាមេរិកនឹងដឹកនាំគណៈប្រតិភូ រួមទាំងបេសកជនពិសេសមួយចំនួនទៀតនៅតំបន់មជ្ឈិមបូព៌ាដូចជា លោក Steve Witkoff និង Jared Kushner មកតុពិភាក្សា។ 

រីឯអ៊ីរ៉ង់វិញ បញ្ជូនប្រធានសភា លោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi មកចូលរួម។ តាមក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានឲ្យដឹងថា កិច្ចពិភាក្សានេះអាចមានរយៈពេលរហូតដល់ 15 ថ្ងៃឯណោះ។ 

ក្រឡេកមើលពីខ្លឹមសារចរចារពាក់ព័ន្ធនឹងគូទំនាស់ទាំងសងខាងវិញ អ៊ីរ៉ង់បានដាក់សំណើ១០ចំណុច ដូចជាសិទ្ធិក្នុងការត្រួតពិនិត្យច្រកសមុទ្រ Hormuz, ការដកកងកម្លាំងប្រយុទ្ធរបស់អាមេរិកចេញពីមជ្ឈិមបូព៌ា និងការបញ្ចប់ប្រតិបត្តិការសំដៅលើក្រុមប្រដាប់អាវុធដែលជាសម្ព័ន្ធមិត្តជាមួយទីក្រុង Tehran ក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត។ 

ជុំវិញលក្ខខណ្ឌនេះ អាមេរិកមិនបានទទួលយកជាផ្លូវការទេ ទោះជាលោក ត្រាំ ធ្លាប់អះអាងថាវាទំនងជាទទួលយកបានក៏ដោយ។ 

ជាការឆ្លើយតប ទីក្រុងវ៉ាស៊ីនតោនវិញ បានផ្តល់សំណើ ១៥ចំណុចវិញ ដល់ទីក្រុងតេអេរ៉ង់ដូចគ្នា ដោយក្នុងចំណោមលក្ខខណ្ឌទាំងនោះមានដូចជា ទាមទារឱ្យអ៊ីរ៉ង់បោះបង់ចោលរាល់សមត្ថភាពនុយក្លេអ៊ែរដែលមានស្រាប់, បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងប្តេជ្ញាថាមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍ ព្រមទាំងធានាលំហូរចរាចរដោយសេរីនៅច្រកសមុទ្រ Hormuz ឡើងវិញ។ 

ជាថ្នូរ អាមេរិកនឹងដកទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ រួមទាំងជួយគាំទ្រកម្មវិធីនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិល (ប្រើប្រាស់សន្តិភាព មិនមែនអាវុធ)។

តាមរយៈសំណើររបស់ភាគីទាំងពីរ គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅតែមានការខ្វែងគំនិតគ្នាដដែល ពិសេសលើការទាមទារលក្ខខណ្ឌកម្រិតខ្ពស់រៀងៗខ្លួនពេករបស់ពួកគេ ដែលធ្វើឲ្យជម្លោះនៅតែមានភាពរកាំរកូស និងពិបាកដំណើរការទៅរលូន៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា