អាកាសយានិកជាច្រើនប្រឈមការបាក់ទឹកចិត្តខ្លាំង និងមានការភ័យខ្លាចចំពោះការដាក់វិន័យតឹងរ៉ឹងដូចជា កាត់ប្រាក់ខែ ឬបណ្តេញចេញជាដើម ប្រសិនបើបុគ្គលិកទាំងនោះមិនព្រមហោះហើរពីលើដែនអាកាសមជ្ឈិមបូព៌ា ស្របពេលដែលជម្លោះនៅតំបន់នេះមិនទាន់មានភាពថមថយនៅឡើយ។
តាមរបាយការណ៍របស់ទីភ្នាក់ងារអាកាសចរណ៍អង្គការសហប្រជាជាតិនៅថ្ងៃទី9 ខែមេសា បានបង្ហាញថា ហានិភ័យសុខភាពផ្លូវចិត្តសម្រាប់បុគ្គលិកអាកាសចរណ៍នៅក្នុងតំបន់ជម្លោះបានកើនឡើងដល់កម្រិតប្រកាសអាសន្នទាំងមិនគួរឲ្យជឿ។
បុគ្គលិកអាកាសចរណ៍ដែលធ្វើការនៅជិតតំបន់ជម្លោះទាំងនោះ តែងតែជួបប្រទះនូវភាពតានតឹង ថប់បារម្ភ និងអស់កម្លាំងខ្លាំង ជាពិសេសអំឡុងពេលហោះហើរ ព្រោះតែពួកគេព្រួយបារម្ភពីសុវត្ថិភាពអំឡុងពេលហោះហើរ។
តាមការអះអាងពី លោក Ron Hay ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមអ្នកបើកយន្តហោះអន្តរជាតិ (IFALPA) បានឲ្យដឹងថា អ្នកបើកយន្តហោះនៅទូទាំងពិភពលោកកំពុងប្រឈមនឹងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។
មនុស្សជាច្រើនភ័យខ្លាចនឹងការដាក់វិន័យធ្ងន់ធ្ងរពេក ប្រសិនបើពួកគេបដិសេធការចាត់តាំងរបស់ថ្នាក់លើ ក្នុងការដឹកអ្នកដំណើរហោះឆ្លងដែនអាកាសនៅមជ្ឈិមបូព៌ា។
ពួកគេពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនខ្លាំអណាស់។ អ្នកខ្លះខ្លាចការបណ្តេញចេញ អ្នកខ្លះទៀតប្រឈមមុខនឹងការកាត់ប្រាក់ខែ ដូច្នេះពួកគេត្រូវតែបង្ខំចិត្តធ្វើការទាំងថប់អារម្មណ៍ និងសម្ពាធ។
ក្រឡេកមើលនៅសហភាពអឺរ៉ុបវិញ ទោះបីជាមានបទឈប់បាញ់ក៏ដោយ តែទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍របស់ទ្វីបនេះ ក៏នៅតែបន្តការហាមឃាត់លើក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន មិនឲ្យហោះលើដែនអាកាសនៃប្រទេសឈូងសមុទ្រជាច្រើន រួមទាំង UAE និងកាតា រហូតដល់ថ្ងៃទី 24 ខែមេសា។
ផ្ទុយទៅវិញ ក្រុមហ៊ុនអាកាសចរណ៍មកពីឌូបៃ ដូហា និងឥណ្ឌាឯណេះ បែរជានៅតែបន្តប្រតិបត្តិការហោះហើរជាធម្មតា។
ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើននៅក្នុងតំបន់ឈូងសមុទ្រអះអាងថា ពួកគេផ្តល់អាទិភាពដល់សុវត្ថិភាពបុគ្គលិកជាចម្បង។ ដោយមើលឃើញពីភាពស្មុគស្មាញទាំងនេះហើយ ទើបបានជាប្រធានសហព័ន្ធអាកាសយានិកអន្តរជាតិបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែគោរពការសម្រេចចិត្តដាច់ខាត របស់អ្នកបើកយន្តហោះទាក់ទងនឹងសុវត្ថិភាពហោះហើរ ដើម្បីកុំឲ្យពួកគេប្រឈមនឹងការថប់អារម្មណ៍ ឬបាក់ទឹកចិត្ត៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា




