2026-04-25 22:53
12

កណ្តាល៖ កម្លាំងនគរបាលស្រុកកោះធំ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ២នាក់ ពាក់ព័ន្ធករណីលួចដោះយកស្លាកលេខរថយន្ត នៅក្នុងបរិវេណនៃមន្ទីរពេទ្យ តេជោសែនកោះធំ ស្ថិតក្នុង ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កន្លងមកនេះ ដោយដកហូតបានស្លាកលេខរថយន្តជាសន្លឹក គ្រឿងញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ 

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីម៉ោង ២០ និង០០នាទី ថ្ងៃទី២៣ មេសា ២០២៦ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីម៉ោង ១និង៣០នាទីទាបភ្លឺ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ TONG TENG TENG ភេទប្រុស អាយុ៣០ឆ្នាំ និងទី២- ឈ្មោះ WU ZHONG LIANG ភេទប្រុស អាយុ ៣១ឆ្នាំ ពួកគេមានមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន និងមានសារធាតុញៀនក្នុងទឹកនោម។ ចំណែកបក្ខពួក ២នាក់ទៀត មានឈ្មោះ YA ZI ភេទប្រុស អាយុ ៣០ឆ្នាំ និងឈ្មោះ NAI CHA ភេទប្រុស អាយុ ៣២ឆ្នាំ បានរត់គេចខ្លួន។ 

ដោយឡែកជនរងគ្រោះជាម្ចាស់ស្លាកលេខរថយន្ត ទី១៖ ឈ្មោះ គាង ហុង ភេទប្រុស អាយុ ៥៩ឆ្នាំ, ទី២៖ ឈ្មោះ យ៉ែន ស្រីរដ្ឋ ភេទស្រី អាយុ ៣២ឆ្នាំ, ទី៣៖ ឈ្មោះ សឹម ចន្រ្ទារស្មី ភេទស្រី អាយុ ៣០ឆ្នាំ ពួកគាត់ជាបុគ្គលិកនៃមន្ទីរខាងលើ និងទី៤៖ ឈ្មោះ ភឿក យ៉េង ភេទប្រុស អាយុ ៣២ឆ្នាំ ជាប្រជាពលរដ្ឋ។

ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចដកហូតបាន រួមមាន រថយន្ត ១គ្រឿង ម៉ាក FORD RANGER XLT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CG-7329, ស្លាកលេខរថយន្ត ចំនួន ១០សន្លឹក, ទូរសព្ទដៃ ២គ្រឿង, ខ្នោះដៃ ៤ខ្នោះ, គ្រាប់កាំភ្លើងខ្លី ១២គ្រាប់, ដំបងឈើ ១ដើម, បង់រុំខ្នាតធំ ២ដុំ, ម្សៅក្រាមសថ្លាលាយក្រហម ១កញ្ចប់តូចដែលសង្ស័យជាគ្រឿងញៀន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

តាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា នៅវេលាម៉ោង ១និង៣០នាទីទាបភ្លឺ ក្រុមជនសង្ស័យមានគ្នា ៣នាក់ បានបើករថយន្តម៉ាក FORD RANGER ចូលទៅក្នុងបរិវេណមន្ទីរពេទ្យ រួចនាំគ្នាធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្ត ចំនួន ៤គ្រឿង ដែលចតក្នុងបរិវេននៃមន្ទីរពេទ្យ បន្ទាប់មកក៏បើករថយន្តគេចខ្លួនឆ្ពោះទៅទិសខាងត្បូងនៃក្រុងសំពៅពូន។ លុះព្រឹកឡើង ជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ TONG TENG TENG និងបក្ខពួករួមទាំងដកហូតវត្ថុតាងខាងលើតែម្ដង។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕