រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រហូតមានការឈ្លោះប្រកែកគ្នា ពេលនោះ ស្រាប់តែមានជនឆ្លៀតឱកាស មកដេញកាប់យកទូរសព្ទដៃពីនារីរងគ្រោះបានសម្រេច ហើយប្រញាប់រត់គេចខ្លួនបាត់ស្រមោល នៅផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង១យប់ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។
បើតាមសម្ដីនារីរូបស្រស់ទាំង២នាក់ បានអះអាងថា មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូមកពីដើរលេងនៅមាត់ទន្លេសុខា ហើយក៏ជិះមកឈប់នៅផ្លូវកែវចិន្ដា ២ម៉ូតូ ពេលនោះក៏មានរម៉កដឹកសាច់គោ បានមកបុកម៉ូតូគាត់ រហូតមានការឈ្លោះប្រកែកគ្នា ។ ខណៈនោះ ស្រាប់តែលេចមុខក្រុមជនសង្ស័យ២ទៅ៣នាក់ បានធ្វើការដេញកាប់ពួកគាត់ មួយកាំបិតចំខ្នង ហើយគំរាមថាឲ្យទូរសព្ទមកអញ បើមិនចង់ត្រូវធ្ងន់ជាងនេះ ហើយក៏ឆក់ទូរស័ព្ទIPhone 11 រត់ចូលក្នុងភូមិគេចខ្លួនបាត់អស់តែម្តង។
ដោយឡែក តាមសម្ដីរបស់អ្នកបើករម៉កដឹកសាច់គោវិញបាននិយាយថា ក្មេងៗទាំងនេះ ជិះម៉ូតូច្រើនគ្រឿងណាស់ ហើយបង្ហាះម៉ូតូពេញផ្លូវ ហើយក៏បានបុកនឹងគាត់ ហើយនាំគ្នាមកព្រួតវាយគាត់ទៀត ទើបគាត់ជិះទៅហៅថៅកែគាត់ឲ្យមកជួយ ។ ដោយឡែករឿងគេវាយក្មេងៗយកទូរសព្ទនោះ គាត់មិនដឹងនោះទេ រួចក៏មានការចោទគ្នា ហើយឈ្លេះគ្នាតឹងសសៃកដាក់គ្នា រហូតផ្អើលដល់សមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់ និងបាននាំភាគីទាំងសងខាងទៅប៉ុស្ដិ៍ ដើម្បីសួរនាំជុំវិញករណីខាងលើ ចំណែករឿងគេដេញកាប់យកទូរសព្ទ សមត្ថកិច្ចឲ្យជនរងគ្រោះ ដាក់ពាក្យប្ដឹងតាមចាប់ជនសង្ស័យ ទាំងនោះ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕