(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន សខេង ភរិយាសម្តេចក្រឡាហោមស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី កែ សួនសុភី ភរិយា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ ចំនួន ១៣វត្ត នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយធ្វើរួមគ្នានៅវត្តពោធិវាល។
ពិធីកាន់បិណ្ឌទាំង១៣វត្តនេះមានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្ត និងលោកស្រីប្រធាន មន្ទីរស្ថាប័ន អង្គភាពនានាមន្រ្តីរាជការក្នុងខេត្តបាត់ដំបង។
លោកស្រី ញ៉ែម សាខន សខេង បានទូលថ្វាយព្រះសង្ឃទាំង ១៣វត្ត និងពុទ្ធបរិស័ទ្ធថា ក្នុងពិធីថាបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ដោយក្តីសប្បាយរីករាយជ្រះថ្លាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២នេះ ដែលជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់តាំងពីបុរាណដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាម ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី០១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។
លោកស្រី ញ៉ែម សាខន សខេង បានបញ្ជាក់ថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដែលបានប្រគេនជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយនឹងសូមឧទ្ទិសកុសលផលបុណ្យដែលកើតមកពីបុណ្យកាន់បិណ្ឌទី១២នេះ សូមឱ្យទទួលបានមគ្គផលស្មើរៗគ្នា។
ទេយ្យវត្ថុ សម្ភារបរិក្ខា ដែលត្រូវប្រគេនព្រះសង្ឃក្នុងវត្តនីមួយៗ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម លៀង១ ត្រីខ ១កេសធំ ទឹកសុទ្ធ ៣កេស មី១កេសធំ អំបិល ២០គីឡូក្រាម ស្ករស ៣០គីឡូក្រាម ផ្លែឈើ ១កន្រ្តក នំអន្សម ១កន្រ្តក បច្ច័យ ៣០ម៉ឺនរៀល។ ដោយឡែកសម្រាប់វត្តពោធិវាលបច្ច័យ១លាន ៥សែនរៀល៕