2023-10-11 16:12
481

(កណ្ដាល)៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី១២ នៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោកកិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី បុត្រាបុត្រី ព្រមទាំងក្រុមប្រឹក្សាញាតិ បានរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់បុពការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានលើកឡើងថា សុខសន្តិភាពកើតមានក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងគង់វង្សជារៀងរហូត។ មានសុខសន្តិភាពទើបមានអ្វីៗទាំងអស់ ហើយសូមប្រជាពលរដ្ឋខិតខំបង្កបង្កើនផល និងធ្វើការរកស៊ីទទួលទាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណការមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទានសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្ធការីជន ញាតិសន្ដាន ដែលបានចែកឋានរំលាយកូន្ធ ហើយបានទៅកាន់សុគតិភពកុំបីឃ្លានឃ្លាឡើយ។

ក្នុងឱកាសនោះ លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី បានប្រគេនសម្ភារៈ និងបច្ច័យចំនួន៧វត្ត រួមមាន អង្ករ២០០គីឡូក្រាម ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស មី១០កេសតូច ត្រីខ២កេសធំ ទឹកដោះគោ១កេសធំ ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ២យួរ ប៊ីចេង២គីឡូក្រាម និងបច្ច័យមួយចំនួនទៀត។

បន្ទាប់មក លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចនី្ន ព្រមទាំងក្រុមគ្រសារញាតិមិត្ត បានអញ្ជើញរៀបចំពិធីបង្សុកូល សូត្រមន្តរាប់បាត ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុពការីជន មានមហាឧបាសក ហ៊ីង ហ៊ឹន, មហាឧបាសិកា តាត់ ឡឹង, មហាឧបាសក នូវ វ៉ូ និងព្រឹទ្ធមហាឧបាសិកា សុខ ជុំ ព្រមទាំងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសុំឲ្យកម្ពុជា មានសុខសន្តិភាពជារៀងរហូត៕