(ភ្នំពេញ)៖ ឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះ ខែខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានិងកំពុងអនុវត្តការងារយ៉ាងសកម្ម ទៅលើការតុបតែង ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ កាន់តែមានសោភណ្ឌភាពស្រស់បំព្រង ជាមួយនឹងការរៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ ការរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យជាដើម។ បន្ថែមពីនេះ មន្ទីរនូវបានត្រៀមកម្លាំងកម្មករជាង៣០០នាក់ ដើម្បីសម្អាតសម្រាមនៅលើសួនច្បារថែមទៀត។
លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា តាមមតិដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះ ខែខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានភារកិច្ចជាច្រើន ដើម្បីលើកសោភ័ណភាពរបស់រាជធានីភ្នំពេញ អោយកាន់តែស្រស់បំព្រង។
ក្នុងនោះ ក្រុមការងារបានកាត់តៃមែកឈើនៅតាមមហាវិថីសំខាន់ៗ នៅមហាវិថីព្រះសីហនុ បានរួចរាល់, នៅមហាវិថីព្រះសុរ៉ាម្រិតបានរួចរាល់, នៅសួនឆ្នេរទន្លេ បាននិងកំពុងអនុវត្ត, មហាវិថីសុធារស នឹងអនុវត្តនៅសប្តាហ៍នេះ, តិរិវិថីព្រះស៊ីសុវត្ថិ នឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣, មហាវិថីព្រះនរោត្តម នឹងអនុវត្តនៅសប្តាហ៍ទី២ខែវិច្ឆិកា ២០២៣។
ចំពោះការងារលាបកំបោពណ៌ស តាមគល់ដើមឈើ និងខឿនផ្លូវ នឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដាក់ភ្លើងលម្អតាមដើមឈើ បង្គោលភ្លើង សួនច្បារ និងស្ពានសំខាន់ៗ ការងារនេះ ក្រុមការងារកំពុងអនុវត្ត, រៀបចំរបាកាត់ទទឹងផ្លូវ និងលាបគំនូសចរាចរណ៍តាមមហាវិថីសំខាន់ៗ ដោយអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជួសជុលថ្មក្រានីត នៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវត្តបទុម សួនសម្តេចតេជោ និងសួនឆ្នេរទន្លេ ការងារនេះ ក្រុមការងារបាននឹងកំពុងអនុវត្ត។
ជាមួយគ្នានេះ ក៏ត្រូវរៀបចំកែលម្អសួនរង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត សួនច្រមុះជ្រូកខាងលិចសួនរង្វង់មូល ជួន ណាត សួនសែនមនោរម្យ សួនរង្វង់មូលសំពៅមាស និងសួនច្រមុះជ្រូកខាងជើងស្ពានអាកាស ៧មករា បានអនុវត្តរួចរាល់។ រៀបចំបន្ទប់ទឹកចល័តចំនួន ១០០គ្រឿង (៨-១០ទីតាំង) ចាប់ពីមុខផ្សាររាត្រីដល់ស្ពានកោះពេជ្រ អនុវត្តនៅចុងសប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
រៀបចំកម្លាំងចំនួន៣៩២នាក់ និងសម្ភារផ្សេងៗ សម្រាប់សម្អាតសំរាមនៅលើសួនច្បារក្នុងកំឡុងពេលបុណ្យអុំទូក។ សម្របសម្រួលឈួសឆាយព្រៃត្រែង និងពង្រាបដី ដើម្បីរៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ, រៀបចំហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង និងផ្លូវ) នឹងអនុវត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយការរៀបចំបន្ទប់ទឹក ចំនួន ១០០បន្ទប់ និងបង្គន់អនាម័យ ៣០០បន្ទប់ផងដែរ៕