2023-10-24 12:10
450

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពលើ ច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
បើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា «ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ»។

ច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ និងព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំលើកទី១១ នីតិកាលទី៤ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ព្រះរាជាណាចក្រកម្ពុជា បានបង្កើតជាលើកដំបូងនូវការិយាល័យអាកាសចរណ៍ស៊ីវិល នៅឆ្នាំ១៩៥៥ និងបានចូលជាសមាជិកអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅឆ្នាំ១៩៥៦។ បន្ទាប់ពីវិវត្តខ្លួនជាបន្តបន្ទាប់ ការិយាល័យអាកាសចរណ៍ស៊ីវិលត្រូវបានប្តូរទៅជាអាជ្ញាធរអាកាសចរណ៍ស៊ីវិល ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ ក្រោយមក អាជ្ញាធរអាកាសចរណ៍ស៊ីវិល ត្រូវបានប្តូរឈ្មោះទៅជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅឆ្នាំ១៩៩៦ តាមព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។

ដោយទទួលបានការគាំទ្រ និងចង្អុលបង្ហាញផ្ទាល់ពី សម្តេចតេជោ ហ៊ុន សែន អាកាសចរណ៍ស៊ីវិលកម្ពុជា មានការអភិវឌ្ឍដូចបណ្តាប្រទេសជិតខាងនិងក្នុងតំបន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការដឹកជញ្ជូនតាមផ្លូវអាកាស ប្រកបដោយសន្តិសុខ សុវត្ថិភាព មានទំនុកចិត្តដល់អ្នកធ្វើដំណើរគ្រប់ប្រភេទ និងមានលក្ខណៈសេដ្ឋកិច្ច ជាពិសេសកិច្ចការពារបូរណភាពដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាសមាជិកអង្គការ ICAO អាកាសចរណ៍ស៊ីវិលកម្ពុជាត្រូវភ្ជាប់ខ្លួនទៅនឹងបទដ្ឋានស្តង់ដាអន្តរជាតិ ដែលក្នុងនោះក្នុងក្របខណ្ឌនៃកាតព្វកិច្ចអន្តរជាតិ អង្គការ ICAO បានធ្វើសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងបានរកឃើញចំណុចដែលត្រូវបំពេញបន្ថែមពាក់ព័ន្ធនឹងគោលការណ៍ រចនាសម្ព័ន្ធគ្រប់គ្រង និងការចាត់ចែងការងារអាកាសចរណ៍ស៊ីវិល។ ជាមួយគ្នានេះ ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានកំណត់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានកែសម្រួលនិងដឹកនាំដោយរដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមួយចំនួន។

តាមសាវតារដែលបានរៀបរាប់ខាងលើនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមស្ថានភាពវិវត្តនៅកម្ពុជាដែលកំពុងមានការរីកចម្រើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិល កាន់តែទំនើបនិងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួនក្នុងនាមជាសមាជិកនៃអង្គការ ICAO។

ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរៀបចំឡើងដោយមានចំនួន១១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕