2023-10-24 14:55
473

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវ និងណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ការពារពីជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺគ្រុនចាញ់។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយដល់ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងអនុសេនាធំលេខ ៣ ៤ ៥ ៦ កងអន្តរាគមន៍វរសេនាតូច៣៩៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ឈរជើងចំណុចមុំ៣ ព្រំដែន កម្ពុជា-ថៃ-ឡាវ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ។

លោកប្រធានមន្ទីរសុខាភិបាល បានថ្លែងថា ដើម្បីការពារពីជំងឺគ្រុនចាញ់ លោកបានលើកទឹកចិត្តឲ្យនាយ និងពលទាហាន ត្រូវទទួលទានថ្នាំការពារជំងឺគ្រុនចាញ់ប្រភេទ Pyramax មួយថ្ងៃ១ដង រយៈពេល៣ថ្ងៃ ក្នុង១ខែ គឺពួកគាត់អាចការពារពីជំងឺគ្រុនចាញ់ បានរយៈពេល២៨ថ្ងៃ។ បើពួកគាត់ទទួលទានថ្នាំរៈពេល៣ខែ គឺអាចការពារបានពីជំងឺគ្រុនចាញ់រហូត៤ខែ (មានន័យថា ទទួលទាន៣ខែ សម្រាក១ខែ)។ លោកថា ឱសថប្រភេទនេះមិនមានផលរំខានអ្វីដល់ពួកគាត់ទេ គ្រាន់តែពួកគាត់កុំពិសារគ្រឿងស្រវឹងរយៈពេល៣ថ្ងៃ។

លោក គួង ឡូ បានអះអាងថា មូលហេតុដែលឲ្យពួកគាត់ទទួលទាន ឱសថការពារជំងឺគ្រុនចាញ់នេះ ដោយសារកន្លែងធ្វើការរបស់ពួកគាត់ គឺនៅក្នុងព្រៃ ហើយតាមការពិនិត្យសត្វមូសរបស់មន្ទីរសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានឲ្យដឹងថា នៅទីនេះមានភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ច្រើន ដូចនេះពួកគាត់អាចប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់ ប្រភេទផ្លាសស្យូមហ្វាស៊ីបារ៉ូម។ ដូចនេះបានជាមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដាក់ឲ្យតំបន់នោះអនុវត្តន៍នូវយុទ្ធសាស្រ្តជាតិ ជំហ៊ានចុងក្រោយ នៃការលប់បំបាត់ជំងឺគ្រុនចាញ់។


លោកក៏បានណែនាំឲ្យពួកគាត់ត្រូវសម្រាកក្នុងមុងជ្រលក់ថ្នាំផងដែរ និងបានណែនាំឲ្យពួកគាត់មានការប្រុងប្រយ័ត្ននឹងជំងឺឆ្លងផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ បើពួកគាត់មានបញ្ហាសុខភាព សូមប្រញាប់មកកាន់មណ្ឌលសុខភាព តេជោមរកត ដែលនៅក្បែរនឹងពួកគាត់។ លោកក៏បានចុះពិនិត្យសកម្មភាពផ្តល់សេវាសុខភាព របស់មណ្ឌលសុខភាព តេជោមរតក និងបានផ្តល់ថវិកាលើកទឹកចិត្តដល់បុគ្គលិកនៅទីនោះផងដែរ៕