(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនដល់គ្រួសារដែលរងគ្រោះ ដោយសារគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២២០ខ្នងផ្ទះ នៅភូមិតាក្តុល ភូមិតាក្តុលត្បូង ភូមិព្រែកកាក់ ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ លោកអភិបាលខេត្ត បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ (ជំនន់ទឹកភ្លៀង) ដោយក្តីអាណិតអាសូរជាទីបំផុត។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
ទទឹមនឹងការចុះសួរសុខទុក្ខនោះសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បាននាំអំណោយផ្ដល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ចំនួន ២ម៉ឺនរៀល ។
សូមជម្រាបថា ចាប់តាំងពីកើតបញ្ហាជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ក្រុងតាខ្មៅរងផលប៉ះពាល់ទៅលើសង្កាត់ចំនួន៥ ស្មើនឹង១៨ភូមិ ,ប៉ះពាល់ពលរដ្ឋចំនួន២,៨៧៥គ្រួសារ ស្មើនឹង២,៦៤១ខ្នងផ្ទះ ជម្លៀសទៅកាន់ទីទួលចំនួន៧០គ្រួសារ ប៉ះពាល់សាលារៀនចំនួន៣ទីតាំង វត្តចំនួន១ទីតាំង, បហពាល់ដំណាំចំនួន១៧ហិកតា ខូចខាតអស់១០ហិកតា, ប៉ះពាល់ផ្លូវលំចំនួន៤៣កន្លែង ស្មើរនឹង១៥,៧៣០ម៉ែត្រ។
សូមជម្រាបជូនថា បើសិនជាមានករណីទឹកជំនន់មិនថមថយទេនោះ អាជ្ញាធរខេត្តកណ្ដាលនឹងរៀបចំទីទួលសុវត្ថិភាព ដើម្បីជួយដល់ប្រជាពលរដ្ឋមកស្នាក់នៅបណ្ដោះអាសន្ន ព្រមជាមួយនឹងការផ្គត់ផ្គង់ សម្ភារៈ អាហារ ថ្នាំសង្កូវផ្សេងៗសំដៅផ្គត់ផ្គង់ដល់តម្រូវការបងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅឱ្យបានសមរម្យរហូតដល់ពេលវេលាទឹកជំនន់ស្រកទៅវិញ។
លោក គង់ សោភ័ណ្ឌ តែងតែគិតគូរយកចិត្តទុកដាក់និងបារម្ភពីសុខទុក្ខប្រជាពលរដ្ឋ មិនថានៅក្រុងតាខ្មៅក្ដី ឬទីតាំងណាក្ដីនោះទេឱ្យតែមានទុក្ខលំបាក គឺតែងតែមានវត្តមានលោកអភិបាលចុះជួយទាន់ពេលវេលារហូតមក និងតទៅមុខទៀត៕