(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាជាមួយគណៈប្រតិភូខេត្តលាវនីញ ប្រទេសចិន ដឹកនាំដោយលោក វ៉ាង មីងយូ (Wang Mingyu) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលាវនីញ ប្រទេសចិន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងកិច្ចសហប្រតិបត្តិការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ទេសចរណ៍កាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលមានសក្តានុពលជាច្រើនក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនក្នុងខេត្ត ព្រោះខេត្តមានតំបន់ឧស្សាហកម្ម ពាណិជ្ជកម្មទេសចរណ៍ និងផ្លូវគមនាគមន៍មាន៖ ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹកនិងមានផ្លូវល្បឿនលឿនតភ្ជាប់ពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ងាយស្រួលក្នុងការធ្វើដំណើរ មិនតែប៉ុណ្ណោះខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ សម្រាប់នាវាគ្រប់ប្រភេទចូលចតដឹកទំនិញចេញចូលទៅបណ្ដាប្រទេស មានភាពងាយស្រួល។
អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពជា សម្រេចកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស ជាមួយគ្នានេះរាជរដ្ឋាភិបាលជួយសម្រួលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ គោលនយោបាយសម្រាប់អ្នកវិនិយោគ និងទាក់ទាញទេសចរណ៍។
លោក វ៉ាង មីងយូ បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលទទួលស្វាគមន៍គណៈប្រតិភូខេត្តលាវនីញ ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ដោយផ្តោតសំខាន់នៅខេត្តព្រះសីហនុ ស្របពេលដែលទំនាក់ទំនងការទូតចិន-កម្ពុជា ៦៥ឆ្នាំ និងខួប ១០ឆ្នាំ នៃគោលនយោបាយ ផ្លូវ និងខ្សែក្រវាត់របស់ប្រធានាធិបតីចិន ស៊ី ជីនពិន។
កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំវេទិការផ្លូវ និងខ្សែក្រវាត់នៅប្រទេសចិន ធ្វើឱ្យប្រទេសទាំងពីរ មានទំនាក់ទំនងដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិការ ផ្លូវ និងខ្សែក្រវ៉ាត់ផងដែរ។
ប្រធានគណៈប្រតិភូ បានបន្តថា កាលពីឆ្នាំ២០១៩ គណៈប្រតិភូខេត្តលាវនីញ បានធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ ក៏ដូចជាចងសម្ព័ន្ធមេត្រីភាពជាមួយក្រុងព្រះសីហនុ ហើយដំណើរទស្សនកិច្ចនាពេលនេះ និងជួយជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានការអភិវឌ្ឍកាន់តែលឿន និងខិតខំសិក្សាជំរុញការគ្រប់គ្រងតំបន់សេដ្ឋកិច្ចឱ្យបានល្អ។
លោកក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្របមកវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលាវនីញទេ លោកនឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិន។ ក្នុងនោះលោកក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិយអប់រំ ហើយមាននិស្សិតកម្ពុជា បានទៅសិក្សានៅខេត្តលាវនីញជាច្រើន និងសន្យាជួយបណ្តុះបណ្តាលនិស្សិតខេត្តព្រះសីហនុនៅពេលខាងមុខ។
ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះសីហនុ ទទួលយកសំណើរបស់ប្រតិភូខេត្តលាវនីញ ដែលបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចតាមពេលវេលាសមស្រប ពិសេសចង់ឃើញ និងសិក្សាឈ្វេងយល់ពីការអភិវឌ្ឍរបស់ខេត្តលាវនីញ និងស្នើសុំទទួលយុវជនខេត្តព្រះសីហនុ បានទៅសិក្សានៅខេត្តលីវនីញផងដែរ៕