2023-10-24 15:24
658

(ស្វាយរៀង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់លោក អ៊ាក ផល្លា ជាប្រធានសាលាដំបូងខេត្តស្វាយរៀង ជំនួសលោក ឌិន ស៊ីវុទ្ធី ត្រូវបានផ្លាស់ប្ដូរជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង។

ពិធីនេះក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍, ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីតុលាការ និងមន្ត្រីអនុវត្តច្បាប់មួយចំនួនទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោក អា៊ក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង ដែលត្រូវបានតែងតាំងថ្មី និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់លោក ឌិន សុីវុទ្ធី អតីតប្រធានសាលាដំបូងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ដែលបានគាំទ្រ និងសហការបានល្អប្រសើរ ក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ កន្លងទៅនេះហើយបានស្នើឲ្យបន្តនូវកិច្ចសហការដ៏ល្អនេះទៀត។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ។ កិច្ចការនេះ នៅតែជាអាទិភាព ដែលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

លោកបានបន្តថា ក្រសួងយុត្តិធម៌បានរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន៣ ដែលត្រូវបានចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្ត ទី១៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, ទី២៖ យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងទី៣៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ជារួមយុទ្ធនាការដ៏មានសារៈសំខាន់ៗទាំង៣នេះ មានសសរស្តម្ភចំនួន២ គឺការកែទម្រង់លើការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងការកែទម្រង់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានណែនាំ និងផ្តាំផ្ញើដល់ លោក អា៊ក ផល្លា ប្រធានថ្មីនៃសាលាដំបូងខេត្តស្វាយរៀង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ រួមមាន៖

*ទី១៖ ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿងឲ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, សម្អាតប្រាក់, ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ ដើម្បីរួមចំណែកអនុវត្ត «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងត្រូវអនុវត្តទោសបន្ថែមដែលជាការបណ្តេញចេញពីកម្ពុជា ចំពោះជនល្មើសជាជនបរទេសក្រោយបញ្ចប់ ការអនុវត្តទោសពន្ធនាគារ។

ចំពោះជនល្មើសដែលមានសញ្ជាតិ២ ក្នុងនោះមួយជាសញ្ជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬឃុំខ្លួនបណ្តោះអាសន្ន នៅលើទឹកដីខ្មែរ, ចៅក្រម និងព្រះរាជអាជ្ញា ពុំមានកាតព្វកិច្ចតាមផ្លូវច្បាប់ណាមួយ ដែលត្រូវជូនដំណឹងទៅស្ថានទូតបរទេសឡើយ ដោយត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ ដែលនេះសញ្ជាក់ពីការលើកតម្កើងអធិបតេយ្យភាពជាតិខ្មែរ។
*ទី២៖ នៅពេលជំនុំជម្រះក្តី ត្រូវវៀរចាកអគតិទាំង៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ។

*ទី៣៖ ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ, រៀបចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។

*ទី៤៖ ត្រូវពង្រឹងគុណភាព នៃការតាក់តែងសាលក្រម/សាលដីកា ដោយត្រូវមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ហើយក៏សូមស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចផ្តល់កិច្ចសហការ ធានាឲ្យសេចក្តីសម្រេចរបស់តុលាការ ត្រូវបានអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

*ទី៥៖ ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥របស់ សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង៤ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺ «ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់» ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ជាពិសេសការត្រៀមលក្ខណៈគ្រប់បែបយ៉ាង ចូលរួមអនុវត្តយុទ្ធនាការសំខាន់ៗទាំង៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខនេះ៕